អាមេរិកមិនមិនចង់ឲ្យប្រទេសសម្ព័ន្ធមិត្តនៅតំបន់អារ៉ាប់មានជម្លោះគ្នាឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​​Rex Tillerson​បានធ្វើដំណើរទៅកាន់ប្រទេសគុយវែត ដែលជាប្រទេសអាជ្ញាកណ្តាល​ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទនៅតំបន់ឈូងសមុទ្រ រវាងកាតា​និង ៤ប្រទេសតំបន់អារ៉ាប។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក​ Heather Nauert​បានបញ្ចាក់ថា រដ្ឋភិបាលអាមេរិក បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងព្រួយបារម្ភពីវិវាទ នៅតំបន់ឈូងសមុទ្រ ។​មកទលពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហាញឲ្យឃើញ ពី ការរីកចំរើន បញ្ចប់ភាពតានតឹងនោះឡើយ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់គុយវែត នាថ្ងៃទី​១០កក្កដាខាងមុខ  គឺជាការបង្ហាញ​ពីសុឆន្ទះរបស់អាមេរិក ក្នុងការដោះស្រាយបញ្ចប់វិបត្តិនៅទីនោះ ។ អាមេរិក មានទំនាក់ទំនងល្អទាំងនៅក្នុងប្រទេសកាតា និង ប្រទេស អារ៉ាបីសាអូឌិត។ដូច្នេះអាមេរិកមិនចង់ឲ្យភាគីទាំងពីរ ដែលជាអតិថជន ទិញអាវុធដ៏សំខាន់របស់អាមេរិក ត្រូវប្រឈមមុខតានតឹងដាក់គ្នានោះ។

កាលពីថ្ងៃទី ៦ខែកក្កដា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក​ Jim Mattis​បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីកាតា លោក​  Khalid Bin Mohammed Al Attiyah។ នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក បាន ស្នើរដល់ភាគីមានវិវាទ ស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹង ។ជាមួយគ្នានោះអាមេរិក ក៏បានបញ្ជាក់ឡើងវិញ ពីសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ រវាង កាតានិងអាមេរិក មិនមានការផ្លាសប្តូរឡើយ។

ប្រសិនបើមិនអាចដោះស្រាយ បញ្ចប់វិបត្តិឲ្យបានឆាប់ទេ អាចបង្កឲ្យមានវិបត្តិ​សេដ្ឋកិច្ចជាទ្រងទ្រាយធំ​នៅក្នុងតំបន់អារ៉ាប​ ធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេង​នៅលើពិភពលោក ។

ក្រុម អ្នកវិភាគបានលើកឡើង​ថា តើវិបត្តិទាំងនោះកើតចេញពីការច្រណែង ជាមួយកាតាឬ?អ្នក​ខ្លះ​យល់ថា​ អារ៉ាប៊ីសាអូឌីត ​បាន​អូសទាញ​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត ​ឲ្យ​ធ្វើ​សង្រ្គាម​ការទូត​ ជាមួយ​កាតា ​ក៏​ដោយសារ​តែ​អារ៉ាប៊ីសាអូឌីត ​ច្រណែន​នឹង​ភាព​មានបាន​ ភាព​ល្បីល្បាញ​របស់​កាតា ​នៅ​លើ​ឆាក​អន្តរជាតិ។ ហេតុផល​នេះ​ ក៏​វា​បាន​គួប​ផ្សំ ​ជាមួយ​ទំនោរ​របស់​កាតា ​ដែល​ចេះ​តែ​ខិត​ទៅជិត​​អ៊ីរ៉ង់ ​ដែល​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត ​ក្តៅ​ក្រហាយ។

ទោះ​មាន​ហេតុផល​ចាក់ស្រែស​យ៉ាង​ណា ក៏​​ប៉ុន្តែ​មាន​ហេតុផល​ធំ​មួយ ​ដែល​ជា​ស្នូល​នោះ ​គឺ​ចរន្ត​ផ្សព្វផ្សាយ​ទ្រឹស្តី​សាសនា​អ៊ីស្លាម ​ក្នុង​ពិភព​អារ៉ាប់។​ អារ៉ាប៊ីសាអូឌីត ​តាំងខ្លួន​ ជា​កំពូល​ប្រទេស ​ដែល​ផ្សព្វផ្សាយ​ទ្រឹស្តី​អ៊ីស្លាម​គំរូ។ ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ​ពិភពលោក ​កំពុង​តែ​ឆ្លងកាត់​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ ជាមួយ​នឹង​សង្រ្គាម​ក្នុង​ពិភព​អារ៉ាប់​ នៅ​ស៊ីរី​ នៅ​អ៊ីរ៉ាក់ ​នៅ​យេម៉ែន ​ដែល​សុទ្ធ​តែ​​ជា​សង្រ្គាម​រវាង​និកាយ​អ៊ីស្លាម​ខុសគ្នា។ ចរន្ត​ភេរវកម្ម​ជីហាត​អ៊ីស្លាម ​បាន​រីក​សាយ​ភាព​ អូសទាញ​យុវជន​មក​ពីគ្រប់​ទិសទី ​ដែល​បាន​គំរាម​កំហែង ​ដល់​សន្តិសុខ​ពិភពលោក។

នេះ​គឺជា​ការ​ទទួល​ខុសត្រូវ​រួម ​របស់​ប្រទេស​អ៊ីស្លាម​ធំៗ ​ដែល​សុទ្ធ​តែ​បាន​តាំង​ខ្លួន​ ជា​មេ​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​ មិន​ថា​កាតា ​ឬ​អារ៉ាប៊ីសាអូឌីត។ ដល់ពេល​ហើយ ​ដែល​ប្រទេស​អ៊ីស្លាម​ទាំង​នោះ ​ត្រូវ​ផ្សព្វផ្សាយ​សារ ​សន្តិភាព​និយម ​បញ្ចប់​ការ​សងសឹក ​និង​រើសអើង​ ស្អប់​ខ្ពើម​គ្នា​ទៅវិញ​ទៅមក។

ទាក់​ទិនទៅ​នឹង​វិបត្តិ ​រវាង​ប្រទេស​កាតា ​ជាមួយ​នឹង​ក្រុម​ប្រទេស​អារ៉ាប់​ឈូង​សមុទ្រ​ពែក្ស ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​ ទើប​បាន​អំពាវនាវ​ ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ ​ធ្វើការ​ចរចា​ សម្រុះ​សម្រួល​គ្នា ​ដោយ​សន្តិវិធី ​ដើម្បី​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង។ ក្នុង​ន័យ​នេះ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ចង់​សំដៅ​ថា ​ក្រុម​ប្រឹក្សា​សន្តិសុខ ​នឹង​មិន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ ណាមួយ​ទេ ​ទាក់ទិន​នឹង​បញ្ហា​នេះ។

ខែកក្កដា ​នេះ គឺ​ដល់​វេន​ចិន​ដែល​ត្រូវ​ធ្វើ​​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។ ទាក់ទិន​ទៅ​នឹង​វិបត្តិ​ រវាង​កាតា ​ជាមួយ​នឹង​ក្រុម​ប្រទេស​អារ៉ាប់​ឈូង​សមុទ្រ​បួន​ប្រទេស ​មាន​ អារ៉ាប៊ីសាអូឌីត ​បារ៉ែន​ អេមៀរ៉ាត់​អារ៉ាប់រួម​ និង​អេហ្ស៊ីប ​ លោក​ លីវ ជាយី ​ឯកអគ្គរដ្ឋ​ទូត​ចិន​ ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ថ្លែង​ថា ​ មធ្យោបាយ ​តែមួយ ​និង​ល្អ​បំផុត​ ដើម្បី​ចាក​ចេញ​ពី​វិបត្តិ​នេះ ​គឺ​ប្រទេស​ពាក់ព័ន្ធ​ទាំង​អស់ ​ត្រូវ​រៀបចំ​លើក​ឡើង​នូវ​សំណើរ​ដំណោះស្រាយ ​តាម​រយៈ​ការ​និយាយ​ចរចា​គ្នា។

តាម​រយៈ​សម្តី​របស់​លោក​អគ្គរដ្ឋទូត​ចិន ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ ​អង្គការ​សហ​ប្រជាជាតិ​នេះ ​គឺ​មាន​ន័យ​ថា ​ក្រុម​ប្រឹក្សា​សន្តិសុខ​ នឹង​មិន​បើក​ការ​ប្រជុំ​ ដើម្បី​ធ្វើ​សេចក្តី​សម្រេចចិត្ត​ណាមួយ ​ ​ក្នុង​ក្រម​ខណ្ឌ​អង្គការ​សហប្រជាជាតិ ​ឡើយ ​ទាក់ទិន​ទៅ​នឹង​វិបត្តិ​កាតា​នេះ។

សូម​បញ្ជាក់​ថា ​ការ​ប្រកាស​របស់​លោក​អគ្គរដ្ឋទូត​ចិន​នេះ ​ធ្វើឡើង ​បន្ទាប់​ពី​លោក​អគ្គរដ្ឋទូត​កាតា ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​បាន​ចូល​ទៅ​ប្រជុំ​ជាមួយ​នឹង​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ទូរទស្សន៍​Al-Jazeera​ បាន​ផ្សាយ​ថា​ លោក​ Mohammed Ben Abderrahmane al-Thani​ឯកអគ្គរដ្ឋទូត​កាតា​ប្រចាំ​អង្គការ​សហប្រជាជាតិ ​ បាន​សំណូមពរ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ ​អំពាវនាវ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ ព្រមទាំង​សម្ព័ន្ធមិត្ត ​ដក​ទណ្ឌកម្ម​ចេញ​ពី​កាតា។

សូម​រំលឹក​ថា ​វិបតិ្ត​បាន​ផ្ទុះឡើង​ជា​ផ្លូវការ ​កាល​ពី​ថ្ងៃ​ទី​ ៥​ មិថុនា ​បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត ​បាន​ដឹកនាំ​ប្រទេស​៣ទៀត ​មាន​បារ៉ែន ​អេមៀរ៉ាត់​អារ៉ាប់រួម ​និង​អេហ្ស៊ីប ​ឲ្យ​ផ្តាច់​ទំនាក់ទំនង​ការទូត ​និង​បិទ​ព្រំដែន​ជាមួយ​កាតា។ ប្រទេស​ទាំង​នេះ ​បាន​ចោទ​ប្រកាន់​កាតា ​ថា​បាន​ទំនុកបំរុង​គាំទ្រ ​ក្រុម​ចលនា​ភេរវកម្ម ​និងមាន​ទំនោរ​ខិត​ទៅ​រក​អ៊ីរ៉ង់ ​ដែល​ជា​សត្រូវ​ធំ​បំផុត​របស់​អារ៉ាប៊ីសាអូឌីត។

ដោយ​មាន​ប្រទេស​កូវ៉េត​ ជាអ្នក​សម្របសម្រួល ​ប្រទេស​ទាំង​៤ ​បាន​ដាក់​លក្ខខណ្ឌ​១៣​ចំណុច ​ឲ្យ​កាតា​ធ្វើ​ឲ្យបាន​ក្នុង​រយៈពេល​១០​ថ្ងៃ។ កាតា​ទើបតែ​បាន​ឆ្លើយ​តប​ទៅ​វិញ ​កាល​ពី​ថ្ងៃចន្ទ ​ទី​៧​កក្កដា តែ​គេ​មិន​ទាន់​ដឹង​ថា ​ជា​ចម្លើយ​វិជ្ជមាន ​ឬ​អវិជ្ជមាន​ទេ។ តែ​បើតាម​ការ​តាមដាន​កន្លង​មក ​កាតា ​បាន​បរិហារ​ថា​​លក្ខខណ្ឌ​ទាំង​១៣​ចំណុច ​ដែល​គេ​ដាក់​មក​លើខ្លួន ​គឺ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព ​ក្នុង​នាម​ខ្លួន​ជា​ប្រទេស​ឯករាជ្យ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print