ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានអ្នកភូមិដឹកបញ្ជូនយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យខណៈដែលជនរងគ្រោះបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីចម្ការ ឱ្យគេហើយបើកជាន់មីនតោនប្រឆាំង រថក្រោះដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម បណ្តាលឱ្យផ្ទុះលាន់យ៉ាងកក្រើក។ ហេតុ ការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច អន្លង់ឈើទាល ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ដួង នៀម អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកវរសេនីយ៍ត្រី ឆាង វ៉ាន់ឆ័យ អធិការនគរបាលស្រុកគាស់ក្រឡបានប្រាប់ ឱ្យដឹងថា តំបន់ផ្ទុះមីនខាងលើជាអតីតសមរភូមិវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលកម្ពុជាជាមួយអតីតកងទ័ពខ្មែរក្រហម។តំបន់នោះនៅមានគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសេសសល់រាយប៉ាយនៅលើដីនិងនៅក្នុងដី មិនទាន់មានការបោសសម្អាតឱ្យអស់នៅឡើយទេ។បច្ចុប្បន្ននេះមានក្រុមអ្នកជំនាញដោះមីន១ក្រុមរបស់ស៊ីម៉ាក់បាននឹងកំពុងប្រតិបត្តិការបោសសម្អាតមីនក្នុងតំបន់នោះផងដែរ ។
លោកអធិការបញ្ជាក់ឱ្យដឹងទៀតថា ដីចម្ការកន្លែងកើតហេតុខាងលើគឺជាដីដែលម្ចាស់ទើបតែរុករានព្រៃចាប់ផ្តើមធ្វើចម្ការ លើកដំបូងប៉ុណ្ណោះនៅក្នុងឆ្នាំនេះ។លុះបន្ទាប់មកនៅថ្ងៃកើតហេតុនោះ ម្ចាស់ដីបានជួលត្រាក់ទ័រដើម្បីភ្ជួរដីធ្វើចម្ការ ។នៅពេល ដែលជនរងគ្រោះភ្ជួរបាន៥ជុំក៏បើកជាន់ មីនតោនកប់នៅក្នុងដីចម្ការនោះបណ្តាលឱ្យផ្ទុះត្រូវជនរងគ្រោះអ្នកបើកត្រាក់ទ័រទទួលរងរបួសធ្ងន់ ។ ចំណែកត្រាក់ទ័រវិញរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ។ជនរងគ្រោះ បច្ចុប្បន្នកំពុងស្ថិតក្នុងការជួយសង្គ្រោះពី គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ ដំបង។
សូមបញ្ជាក់ថា នៅស្រុកគាស់ក្រឡនោះ ដែរ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នា២០១៧ កន្លងទៅថ្មីៗនេះ ក្មេងប្រុសម្នាក់អាយុ១១ឆ្នាំបានដើរឃ្វាលគោនៅខាងក្រោយភូមិ ហើយរើសបានគ្រាប់ផ្លោង១គ្រាប់ប្រភេទ៦០ មិល្លីម៉ែត្រហើយក្មេងរូបនោះយក ទៅអុកលេងនឹងគល់ឈើបណ្តាលឱ្យផ្ទុះដាច់ដៃម្ខាងនិងខ្វាក់ភ្នែកទទួលរងរបួសធ្ងន់ផងដែរ។
នៅខេត្តបាត់ដំបង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន២៧៣គ្រាប់ ត្រូវបានអ្នក ភូមិ នៅស្រុកសំឡូតប្រទះឃើញកប់នៅក្នុងដីខណៈដែលអ្នកភូមិបានខួងរណ្តៅដីដាំម្រេចស្ថិតនៅចំណុចអូរចោត ភូមិសុង១ ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបងកាលពី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីនេះផងដែរ។គ្រាប់យុទ្ធភណ្ឌទាំងនោះបានកប់ក្នុងដីនៅសេសសល់ចាប់តាំងអតីតពីសម័យសង្រ្គាមមកម៉្លេះ ។ ប្រភេទគ្រាប់ ៨០មិល្លីម៉ែត្រ ១១២ គ្រាប់,គ្រាប់៦០ មិល្លិម៉ែត្រ ១៥៥គ្រាប់ ,គ្រាប់B៤០ចំនួន ១គ្រាប់,គ្រាប់ដេកា៨២ចំនួន១គ្រាប់,គ្រាប់បែកដៃ៣គ្រាប់និងកង់ដង់គ្រាប់B ចំនួន ១គ្រាប់។
សូមរំលឹកថា កម្ពុជាបើទោះបីជាទទួលបានសន្តិភាពពិតប្រាកដនៅចុងឆ្នាំ១៩៩៨ នោះមែន ប៉ុន្តែគ្រាប់បែក ទម្លាក់និងគ្រាប់មិនទាន់ផ្ទុះនានា នៅរាយប៉ាយតាមកន្លែងមួយចំនួនដែលបង្កការគំរាមកំហែងដល់អាយុ ជីវិតប្រជាជននៅ ឡើយ ។ តំបន់ដែលប្រឈមគ្រោះថ្នាក់ញឹកញាប់បំផុតដោយកាកសំណល់សង្រ្គាមទាំងនោះគឺត្រូវគេមើលឃើញថាប្រជាជនរស់នៅខេត្តភាគពាយព្យនៃ ប្រទេសកម្ពុជាមានខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលជាអតីតតំបន់សមរភូមិវាយប្រយុទ្ធក្តៅបំផុតនោះ ៕ សំ វិច្ឆិកា