រដ្ឋមន្ត្រីការបរទេសអាមេរិក លោកRex Tillersonបានធ្វើដំណើរទៅកាន់ប្រទេសគុយវែត ដែលជាប្រទេសអាជ្ញាកណ្តាល ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទនៅតំបន់ឈូងសមុទ្រ រវាងកាតានិង ៤ប្រទេសតំបន់អារ៉ាប។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Heather Nauertបានបញ្ចាក់ថា រដ្ឋភិបាលអាមេរិក បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងព្រួយបារម្ភពីវិវាទ នៅតំបន់ឈូងសមុទ្រ ។មកទលពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហាញឲ្យឃើញ ពី ការរីកចំរើន បញ្ចប់ភាពតានតឹងនោះឡើយ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់គុយវែត នាថ្ងៃទី១០កក្កដាខាងមុខ គឺជាការបង្ហាញពីសុឆន្ទះរបស់អាមេរិក ក្នុងការដោះស្រាយបញ្ចប់វិបត្តិនៅទីនោះ ។ អាមេរិក មានទំនាក់ទំនងល្អទាំងនៅក្នុងប្រទេសកាតា និង ប្រទេស អារ៉ាបីសាអូឌិត។ដូច្នេះអាមេរិកមិនចង់ឲ្យភាគីទាំងពីរ ដែលជាអតិថជន ទិញអាវុធដ៏សំខាន់របស់អាមេរិក ត្រូវប្រឈមមុខតានតឹងដាក់គ្នានោះ។
កាលពីថ្ងៃទី ៦ខែកក្កដា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattisបានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីកាតា លោក Khalid Bin Mohammed Al Attiyah។ នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក បាន ស្នើរដល់ភាគីមានវិវាទ ស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹង ។ជាមួយគ្នានោះអាមេរិក ក៏បានបញ្ជាក់ឡើងវិញ ពីសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ រវាង កាតានិងអាមេរិក មិនមានការផ្លាសប្តូរឡើយ។
ប្រសិនបើមិនអាចដោះស្រាយ បញ្ចប់វិបត្តិឲ្យបានឆាប់ទេ អាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចជាទ្រងទ្រាយធំនៅក្នុងតំបន់អារ៉ាប ធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេងនៅលើពិភពលោក ។
ក្រុម អ្នកវិភាគបានលើកឡើងថា តើវិបត្តិទាំងនោះកើតចេញពីការច្រណែង ជាមួយកាតាឬ?អ្នកខ្លះយល់ថា អារ៉ាប៊ីសាអូឌីត បានអូសទាញប្រទេសក្នុងតំបន់ផ្សេងទៀត ឲ្យធ្វើសង្រ្គាមការទូត ជាមួយកាតា ក៏ដោយសារតែអារ៉ាប៊ីសាអូឌីត ច្រណែននឹងភាពមានបាន ភាពល្បីល្បាញរបស់កាតា នៅលើឆាកអន្តរជាតិ។ ហេតុផលនេះ ក៏វាបានគួបផ្សំ ជាមួយទំនោររបស់កាតា ដែលចេះតែខិតទៅជិតអ៊ីរ៉ង់ ដែលធ្វើឲ្យអារ៉ាប៊ីសាអូឌីត ក្តៅក្រហាយ។
ទោះមានហេតុផលចាក់ស្រែសយ៉ាងណា ក៏ប៉ុន្តែមានហេតុផលធំមួយ ដែលជាស្នូលនោះ គឺចរន្តផ្សព្វផ្សាយទ្រឹស្តីសាសនាអ៊ីស្លាម ក្នុងពិភពអារ៉ាប់។ អារ៉ាប៊ីសាអូឌីត តាំងខ្លួន ជាកំពូលប្រទេស ដែលផ្សព្វផ្សាយទ្រឹស្តីអ៊ីស្លាមគំរូ។ ក៏ប៉ុន្តែទន្ទឹមគ្នានោះ ពិភពលោក កំពុងតែឆ្លងកាត់វិបត្តិយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងសង្រ្គាមក្នុងពិភពអារ៉ាប់ នៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន ដែលសុទ្ធតែជាសង្រ្គាមរវាងនិកាយអ៊ីស្លាមខុសគ្នា។ ចរន្តភេរវកម្មជីហាតអ៊ីស្លាម បានរីកសាយភាព អូសទាញយុវជនមកពីគ្រប់ទិសទី ដែលបានគំរាមកំហែង ដល់សន្តិសុខពិភពលោក។
នេះគឺជាការទទួលខុសត្រូវរួម របស់ប្រទេសអ៊ីស្លាមធំៗ ដែលសុទ្ធតែបានតាំងខ្លួន ជាមេផ្សព្វផ្សាយសាសនាអ៊ីស្លាម មិនថាកាតា ឬអារ៉ាប៊ីសាអូឌីត។ ដល់ពេលហើយ ដែលប្រទេសអ៊ីស្លាមទាំងនោះ ត្រូវផ្សព្វផ្សាយសារ សន្តិភាពនិយម បញ្ចប់ការសងសឹក និងរើសអើង ស្អប់ខ្ពើមគ្នាទៅវិញទៅមក។
ទាក់ទិនទៅនឹងវិបត្តិ រវាងប្រទេសកាតា ជាមួយនឹងក្រុមប្រទេសអារ៉ាប់ឈូងសមុទ្រពែក្ស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទើបបានអំពាវនាវ ឲ្យប្រទេសពាក់ព័ន្ធទាំងអស់ ធ្វើការចរចា សម្រុះសម្រួលគ្នា ដោយសន្តិវិធី ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង។ ក្នុងន័យនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចង់សំដៅថា ក្រុមប្រឹក្សាសន្តិសុខ នឹងមិនចេញសេចក្តីសម្រេចចិត្ត ណាមួយទេ ទាក់ទិននឹងបញ្ហានេះ។
ខែកក្កដា នេះ គឺដល់វេនចិនដែលត្រូវធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ទាក់ទិនទៅនឹងវិបត្តិ រវាងកាតា ជាមួយនឹងក្រុមប្រទេសអារ៉ាប់ឈូងសមុទ្របួនប្រទេស មាន អារ៉ាប៊ីសាអូឌីត បារ៉ែន អេមៀរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីប លោក លីវ ជាយី ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថា មធ្យោបាយ តែមួយ និងល្អបំផុត ដើម្បីចាកចេញពីវិបត្តិនេះ គឺប្រទេសពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំលើកឡើងនូវសំណើរដំណោះស្រាយ តាមរយៈការនិយាយចរចាគ្នា។
តាមរយៈសម្តីរបស់លោកអគ្គរដ្ឋទូតចិន ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនេះ គឺមានន័យថា ក្រុមប្រឹក្សាសន្តិសុខ នឹងមិនបើកការប្រជុំ ដើម្បីធ្វើសេចក្តីសម្រេចចិត្តណាមួយ ក្នុងក្រមខណ្ឌអង្គការសហប្រជាជាតិ ឡើយ ទាក់ទិនទៅនឹងវិបត្តិកាតានេះ។
សូមបញ្ជាក់ថា ការប្រកាសរបស់លោកអគ្គរដ្ឋទូតចិននេះ ធ្វើឡើង បន្ទាប់ពីលោកអគ្គរដ្ឋទូតកាតា ប្រចាំអង្គការសហប្រជាជាតិ បានចូលទៅប្រជុំជាមួយនឹងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទូរទស្សន៍Al-Jazeera បានផ្សាយថា លោក Mohammed Ben Abderrahmane al-Thaniឯកអគ្គរដ្ឋទូតកាតាប្រចាំអង្គការសហប្រជាជាតិ បានសំណូមពរឲ្យក្រុមប្រឹក្សាសន្តិសុខ អំពាវនាវឲ្យអារ៉ាប៊ីសាអូឌីត ព្រមទាំងសម្ព័ន្ធមិត្ត ដកទណ្ឌកម្មចេញពីកាតា។
សូមរំលឹកថា វិបតិ្តបានផ្ទុះឡើងជាផ្លូវការ កាលពីថ្ងៃទី ៥ មិថុនា បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានដឹកនាំប្រទេស៣ទៀត មានបារ៉ែន អេមៀរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីប ឲ្យផ្តាច់ទំនាក់ទំនងការទូត និងបិទព្រំដែនជាមួយកាតា។ ប្រទេសទាំងនេះ បានចោទប្រកាន់កាតា ថាបានទំនុកបំរុងគាំទ្រ ក្រុមចលនាភេរវកម្ម និងមានទំនោរខិតទៅរកអ៊ីរ៉ង់ ដែលជាសត្រូវធំបំផុតរបស់អារ៉ាប៊ីសាអូឌីត។
ដោយមានប្រទេសកូវ៉េត ជាអ្នកសម្របសម្រួល ប្រទេសទាំង៤ បានដាក់លក្ខខណ្ឌ១៣ចំណុច ឲ្យកាតាធ្វើឲ្យបានក្នុងរយៈពេល១០ថ្ងៃ។ កាតាទើបតែបានឆ្លើយតបទៅវិញ កាលពីថ្ងៃចន្ទ ទី៧កក្កដា តែគេមិនទាន់ដឹងថា ជាចម្លើយវិជ្ជមាន ឬអវិជ្ជមានទេ។ តែបើតាមការតាមដានកន្លងមក កាតា បានបរិហារថាលក្ខខណ្ឌទាំង១៣ចំណុច ដែលគេដាក់មកលើខ្លួន គឺជាការរំលោភលើអធិបតេយ្យភាព ក្នុងនាមខ្លួនជាប្រទេសឯករាជ្យ៕