ខេត្តកណ្ដាល ៖ បុរសម្នាក់ជាអ្នកកត់ឆ្នោតវៀតណាម ត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ នេះបើតាមប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១១ ខែកក្កដា ។
ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ បង្ហើបឲ្យដឹងថា ល្បែងស៊ីសងនៅក្រុងតាខ្មៅមានច្រើនកន្លែងទៀត គម្បីសមត្ថកិច្ចកុំមើលរំលង ដែលប្រជាពលរដ្ឋនិយាយថា “កុំបង្ក្រាបអាតូចទុកអាធំជាឆ្នាំងបាយ”។
លោក សំម ឫទ្ធីវាសនា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា ជនសង្ស័យឈ្មោះ ស វឌ្ឍនា ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានលោក សូ សុវិទ្យា ជាព្រះរាជអាជ្ញារង ចោទប្រកាន់តាមមាត្រា៥ ស្តីពីការបង្ក្រាបល្បែងស៊ីសង ។
មាត្រា៥នៃច្បាប់នេះ ចែងថា ” ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលដល់២០លានរៀល និង ដាក់គុកពី១ឆ្នាំទៅ៥ឆ្នាំ ចំពោះអ្នកបើកល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យនិងដាក់គុក ខាងលើនេះជាអតិបរមា ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស វឌ្ឍនា ត្រូវបាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៤៧៥ផ្លូវ១០៦ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។សមត្ថកិច្ចរកឃើញវត្ថុតាងបទល្មើសមួយចំនួន ផងដែរ ៕ ចេស្តា