ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលអំពីករណីប្រទះឃើញសពនារីម្នាក់ស្លាប់រហូតមានសភាពហើមស្អុយនិងមានដង្កូវចោះផងនោះសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យរកមូលហេតុពិតទីបំផុតលទ្ធផលបញ្ជាក់ថានាងស្លាប់អាចជាមនុស្សស្គាល់គ្នានាំយកមកសម្លាប់ដោយហេតុផលអ្វីមួយ ។
ប្រភពពីមន្រ្តីនគរបាលស្រុកភ្នំស្រួចបានអោយដឹងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះថាបន្ទាប់ពីមានសេចក្តីរាយការណ៏ពីមន្រ្តីបរិស្ថានម្នាក់ដែលដើរល្បាតក្នុងភូមិសាស្រ្តខាងលើអំពីករណីប្រទះឃើញសពមានសភាពហើមស្អុយនេះសមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុតែម្តង។ ប្រភពបបន្តថានៅលើខ្លួនសពសមត្ថកិច្ចរកឃើញមានក្រវិលមួយនិងមានស្នាមកាប់ដោយពូថៅនៅលើកច្រើនកន្លែងលើក្បាលនិងស្មាឆ្វេងមួយកន្លែងផងដែរ ។
សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថាអ្នកដែលសម្លាប់នារីរងគ្រោះអាចជាមនុស្សស្គាល់គ្នាឬក៏ជាសង្សាទំនងជានារីរងគ្រោះមានជម្លោះឬក៏បញ្ហាអ្វីជាមួយអ្នកបង្កទើបឈានដល់ការសម្លាប់បែបនេះ ។ មិនមានតំរុយណាមួយដេលអាចអោយសមត្ថកិច្ចស្គាល់អត្តសញ្ញាននារីរងគ្រោះនោះទេព្រោះមិនមានលិខិតអ្វីជាប់នឹងខ្លួនសាកសពឡើយ ។
ក្រោយធ្វើការត្រួតពិនិត្យរួចដោយមិនអាចស្វែងរកសាច់ញាតិនារីរងគ្រោះឃើញសមត្ថកិច្ចសម្រាចកប់នៅកន្លែងដែលប្រទះឃើញតែម្តងរង់ចាំធ្វើការស្រាវជ្រាវរកសាច់ញាតិជាក្រោយទៀត ។
គួររំលឹកថាករណីនេះកើតឡើងនៅវេលាម៉ោង១៨និង១៥នាទីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥នៅជិតផ្លូវចូលទៅទឹកធ្លាក់ទី១តាមផ្លូវប៉េសេ១លើភ្នំគិរីរម្យស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ដោយសភាពសពទំនងជាស្លាប់អស់រយៈពេលច្រើនមកថ្ងៃហើយទើបមានសភាពហើមស្អុយនិងមានដង្កូវចោះបែបនេះ។ សពស្លៀកខោជើងខ្លីក្រឡាករ៉ូត្រឹមជង្គង់ អាវ២ជាន់រាងស្តើង ។
សមត្ថកិច្ចស្រុកភ្នំស្រួចក៏សូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយដែលបាត់សមាជិកដូចភិនភាគនេះសូមទំនាក់ទំនងមកសមត្ថកិច្ចនគរបាលខេត្តដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សេនាស័ក្តិ