ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍មនោរម្យបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់យកទៅសួរនាំភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានហើយបានបានប្រទះឃើញឃើញជនសង្ស័ទាំងពីរមានកាន់កាំបិតជាប់នឹងខ្លួន។
ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ តុលា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវលេខ១១៨ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
មន្តី្រនគរបាលប៉ុស្តិ៍មនោរម្យបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍មនោរម្យកំពុងតែល្បាត ក៏ប្រទះឃើញជនសង្ស័យពីរនាក់កំពុងដើររេរានៅផ្លូវលេខ១១៨ រួចក៏ហៅឆែកឆេរស្រាប់តែប្រទះឃើញកាំបិតមួយ និងប្រដាប់ឆ្កឹះសោម៉ូតូ១ ព្រមទាំងសម្ភារៈមួយចំនួនទៀត ដែលសម្ភារទាំងនេះសមត្ថកិច្ចសង្ស័យថា ពួកគេទាំងពីរនាក់អាចបម្រុងធ្វើសកម្មភាពមិនល្អណាមួយនៅក្នុងមូលដ្ឋាននេះ ។
មន្តី្រនគរបាលប៉ុស្តិ៍មនោរម្យបានឲ្យដឹងទៀតថា ជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួននេះ ទី១មានឈ្មោះ ទ្រា សំណាង ហៅអាខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំវត្តនាគវ័នសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងទី២មានឈ្មោះ ចាន់ រ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យពីរនាក់ នគរបាលប៉ុស្តិ៍មនោរម្យបាន នាំពួកគេយកទៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ៖ ប្រាថ្នា