ខេត្តរតនគីរី៖ មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តរតនគីរីបានសំដែងប្រតិកម្មយ៉ាងខ្លាំង ចំពោះប្រធានមន្ទីរ ដែលបានប្រព្រឹត្តបទល្មើសក្នុងការថ្លែងបន្លំឯកសារសាធារណៈ និងការប្រព្រឹត្តអំពើពុករលួយរួមនិងការដឹកនាំតាមបែបផ្តាច់ការ។
តាមមន្ត្រីបានឲ្យដឹងក្នុងរយៈពេល២-៣ខែថ្មីៗនេះលោកប្រធានមន្ទីរ ឆាយ សាវុធ បានប្រព្រឹត្តបទល្មើសក្លែងឯកសារសាធារណៈក្នុងការប្តូរប្រវត្តិរូបរបស់អតីតមន្ត្រីជាប់កិច្ចសន្យាម្នាក់ឈ្នោះ ថុល យុពង្ស ដែលមានអាយុ៥០ឆ្នាំ គឺថ្ងៃខែឆ្នាំកំណើត ០១ មករា ១៩៦៥ ឲ្យមកនៅត្រឹមអាយុ២៧ឆ្នាំ ដោយប្ដូរថ្ងៃខែឆ្នាំកំណើត មកថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ១៩៨៧ ដើម្បីបើកឱកាសឲ្យឈ្មោះ ថុល យុពង្ស ប្រលងចូលក្របខណ្ឌមន្ត្រីរាជការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៥ ។ ក្រោយការប្រលងលទ្ធផលលោក ថុល យុពង្ស បានប្រលងជាប់ក្រោមការជួយជ្រោមជ្រែងពីលោកប្រធានមន្ទីរ ។
ប្រភពបានបន្តថា សំរាប់លោក ថុល យុពង្ស គឺគាត់បានចូលបំរើការងារជាមន្ត្រីរាជជាប់កិច្ចសន្យារបស់មន្ទីរអស់រយៈពេលជិត ១០ឆ្នាំ តាំងពីគាត់នៅអាយុជាង ៤០ឆ្នាំ រហូតមកដល់អាយុ ៥០ឆ្នាំ ប៉ុន្តែគាត់មិនសូវឃើញចូលកន្លែងធ្វើការទេ និយាយឲ្យចំគឺប្រធានមន្ទីរមុន និងក្រោយបានដាក់ឈ្មោះគាត់សំរាប់យកប្រាក់ខែចែកគ្នាចាយ ។ នៅពេលដែលក្រសួងវប្បធម៌ប្រកាសឲ្យមន្ត្រីជាប់កិច្ចសន្យាដែលមានអាយុក្រោមអាយុ ៣០ឆ្នាំ ប្រលងចូលក្របខណ្ឌស្រាប់តែគេឃើញលោកប្រធានមន្ទីរ ឆាយ សាវុធ បានជួយធ្វើឯកសារបព្ជាក់ឲ្យឈ្មោះ ថុល យុពង្ស ដែលមានអាយុ ៥០ឆ្នាំ ទៅហើយ កែរមកនៅអាយុ ២៧ឆ្នាំ ទៅវិញ ។ បើចង់ដឹងការពិតជុំវិញបញ្ហាកែអាយុនេះសុំមើលទៅលើឈ្មោះ មន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរវប្បធម៌ខេត្តរតនគីរីឆ្នាំមុនៗប្រាកដជាឃើញថាឈ្មោះ ថុល យុពង្ស គឺពិតជាមានអាយុ ៥០ឆ្នាំ ដែលមានថ្ងែខែឆ្នាំកំណើត ០១ មករា ឆ្នាំ ១៩៦៥ ។
សកម្មភាពការឃុបឃិតថ្លែងបន្លំឯកសារខាងលើដែលធ្វើឡើងដោយលោកប្រធានមន្ទីរ ឆាយ សាវុធ និងលោក ថុល យុពង្ស គឺជាការថ្លែងបន្លំឯកសារសាធារណៈ ដែលជាបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ ដែលអ្នកប្រព្រឹត្តអាចនិងជាប់គុកច្រើនឆ្នាំទៀតផង ។ ក្រៅពីបញ្ហានេះលោកប្រធានមន្ទីរ ឆាយ សាវុធ ចាប់តាំងពីលោកឡើងធ្វើជាប្រធានមន្ទីរជំនួយលោក អ៊ុន ស្រេង តាំងពី ខែកុម្ភៈ ឆ្នាំ២០១៤ មកដល់បច្ចុប្បន្នគឺរូបគាត់បានប្រព្រឹត្តអំពើរពុករលួយកិបកេងថវិកាជាតិយ៉ាងច្រើនដោយសហការជាមួយក្មួយស្រីដែលកាន់ការងារជាគណនេយ្យឈ្មោះ មាន ចរិយា ។ ដោយរាល់ការចាយវាយថវិការទាំងអស់ប្រធានមន្ទីរមួយនេះគឺធ្វើឡើងដោយស្ងាត់ៗតែពូ និងក្មួយដោយមន្ត្រីផ្សេងៗទៀតគេមិនឲ្យដឹងលឺទេ ។
ចំពោះការដឹកនាំមន្ទីរការងារស្ទើរទាំងអស់គឺធ្វើឡើងដោយគ្មានការចាត់តាំង និងការទទួលភារកិច្ចច្បាស់លាស់ ទោះបីមន្ទីរ មួយនេះមានអនុប្រធានមន្ទីរដល់ពីររូប និងប្រធានការិយាល័យជាច្រើនគឺការងារទាំងអស់ត្រូវលោកប្រធាន និងក្មួយក្តោបយកដោយមិនសូវបែងចែកឲ្យមន្ត្រីដទៃទេ ខ្លាចបាត់ផលប្រយោជន៍ ។
សូមរំលឹកថាលោកប្រធានមន្ទីរ ឆាយ សាវុធ មុនឡើងធ្វើជាប្រធានមន្ទីរគឺជាអតីតប្រធានការិយាល័យរដ្ឋបាល និងជាគណនេយ្យ ហើយក៏ជាមនុស្សជំនិតរបស់អតីតប្រធានមន្ទីរ អ៊ុន ស្រេង នៅពេលលោក អ៊ុន ស្រេង ជិតចូលនិវត្តន៍លោក ឆាយ សាវុធ ក៏បានរត់ការឡើងធ្វើជាអនុប្រធានមន្ទីរបានរយះខ្លី ហើយក៏បានរត់ការឡើងជាប្រធានមន្ទីរដោយមានមន្ត្រីជាច្រើនបានប្រឆាំង ដោយសារតែមន្ត្រីភាគច្រើនមើលឃើញថាលោក ឆាយ សាវុធ គឺជាមន្ត្រីដែលសំបូរទៅដោយរឿងអំពើពុករលួយកិបកេងថវិកា និងផលប្រយោជន៏មន្ត្រីរួមការងារយកមកធ្វើមានបានតែម្នាក់ឯង ប៉ុន្តែដោយសារអំណាចទឹកប្រាក់ទោះបីមានការប្រឆាំងជំទាស់ពីមន្ត្រីជាច្រើនក៏នៅតែលោក ឆាយ សាវុធ បានឡើងធ្វើជាប្រធានមន្ទីរតាមការគ្រោងទុក។
ចាប់តាំងពីរូបគាត់ឡើងធ្វើជាប្រធានមន្ទីរ លោក ឆាយ សាវុធ បានបព្ចោញចរិតក្រអើតក្រទម ផ្តាច់ការ និងត្រូវរូវតែជាមួយក្មួយស្រីដែលកាន់ការងារគណនេយ្យតែប៉ុណ្ណោះ ។
មន្ត្រីជាច្រើននៅក្នុងមន្ទីរបានអំពាវនាវ សុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតស្នើសុំឲ្យជួយបើកការស្រាវជ្រាវលើករណីមួយនេះដើម្បីផ្តល់នូវភាពយុត្តិធម៌ និងតម្លាភាពជូនដល់មន្ត្រីដែលរងគ្រោះ ។
ជុំវិញការចោទប្រកាន់នេះ នគរវត្តមិនអាចសុំការបំភ្លឺពីលោក ឆាយ សាវុធបានទេ ៕
ដោយ៖ ហេង សូរិយា