ភ្នំពេញ៖ បង្គោលភ្លើងចំនួន៤ដើមបានបាក់និង រួមទាំងខ្សែភ្លើងមួយចំនួនបានដាច់រាយប៉ាយពេញផ្លូវដោយសារតែ រថយន្តបែនដឹកដី១គ្រឿងបានបើកចេញពីផ្លូវលំឡើងមកផ្លូវអូដឹមទំនប់កប់ស្រូវបានទាក់ខ្សែភ្លើង ធ្វើអោយឆេះកាបិនភ្លើងបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាប្រើបំពង់ពន្លត់អគ្គិភ័យជួយពន្លត់ទាន់ពេល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងនៅពេលកើតហេតុគេបានឃើញរថយន្តបែនដឹកដីមួយគ្រឿង មិនចាំស្លាកលេខ បានបើកចេញពីផ្លូវលំឡើងមកខាងលើផ្លូវអូដឹម ខណៈកំពុងតែបើកឡើងក៏បានទាក់ជាមួយនិងខ្សែកាប និងខ្សែភ្លើង ហើយ រថយន្តនៅតែបន្ថែមល្បឿនបើកទៅមុខទៀត ក៏អាញខ្សែកាបទាំងអស់ អោយដាច់ធ្លាក់រាយប៉ាយពេញផ្លូវ និងបណ្តាលអោយបាក់បង្គោលភ្លើងអស់ចំនួន៤ដើម រងការខូចខាត មិនត្រឹមតែប៉ុណ្ណោះធ្វើអោយផ្ទុះកាបិនភ្លើងឆេះបង្កអោយបែកផ្កាភ្លើងនិងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ។
ភ្លាមៗសមត្ថកិច្ចក៏ទៅដល់កន្លែងកើតហេតុ និងជួយអន្តរាគមន៍ហៅក្រុមអគ្គិសនីបិទភ្លើងដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅទីនោះ ។ក្រោយពេលកើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង ៕
...
ដោយ៖ សុខា សែនជ័យ