ខេត្តត្បូងឃ្មុំ ៖ សង្វៀនជល់មាន់ និង អាប៉ោងជាច្រើនវង់ នៅក្នុងព្រៃចំការស្វាយមួយកន្លែង និងមួយកន្លែងទៀតស្ថិតនៅក្នុងភូមិក្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងដំណើរការយ៉ាងរលូន គ្មានសមត្ថកិច្ចពាក់ព័ន្ធមានវិធានការបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋរស់នៅក្បែរទីនោះបាននិយាយថា គោលនយោបាយ របស់រាជរដ្ឋាភិបាល ភូមិ ឃុំមានមានសុវត្ថិភាពទាំង ៩ចំណុចនោះមិនដឹងជានៅឯណាទេ? ។ អាជ្ញាធរថ្នាក់ក្រោមៗធ្វើបែបនេះ អីចឹងហើយទើបធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើអាជ្ញាធរតាមមូលដ្ឋាន បែរជាឈប់ជឿទៅលើមេឃុំ ចៅ សង្កាត់ ដោយសារតែលោកមេឃុំ ចៅសង្កាត់ ដែលជាអាជ្ញាធរតាមមូលដ្ឋានជាអ្នកបើកដៃ មិនរាយការណ៍ទៅថ្នាក់ដឹកនាំកំពូលៗរបស់ខេត្ត ឬមួយក៏ថ្នាក់ដឹកនាំទាំងនោះ លោកមានចំណែកទទួលលាភសក្ការ:ពីបនល្បែងទាំងនេះដែរ ក៏មិនដឹង។
លោក លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា លោកបានដាក់បញ្ជាទៅអធិការស្រុក និងស្នងការរងខេត្តឲ្យចាត់ការរួចហើយ និងតាមដានរឿងនេះបន្តទៀត។
ក្រៅពីវង់ល្បែងស៊ីសង សង្វៀនជល់មាន់នេះ ប្រជាពលរដ្ឋ ក៏ដូចជាផ្ទះសម្បែងអ្នកសារព័ត៌មានខ្លះក៏ត្រូវចោរចូលលួចទ្រព្យសម្បត្តិជារៀងរាល់យប់ផងដែរ ។
ករណីចោរលួចកំពុងកើតមាននៅតាមបណ្តាស្រុក ក្នុងខេត្តត្បូងឃ្មុំ ។ រីឯសមត្ថកិច្ចមិនសូវចាប់អារម្មណ៍បញ្ហានេះទេ គឺផ្តោតតែរឿងសេដ្ឋកិច្ចឆ្លងកាត់តែប៉ុណ្ណោះ ៕ ហេ សូរិយា