ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ទោ ឃុំ សយ អត្តលេខ០៣៦៤៨ អតីតអធិការនៃអធិការដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលចូលនិវត្តន៍កាលពីថ្មីៗនេះ និយាយអំពីគុណសម្បត្តិរបស់លោក និងអ្វីដែលលោកទទួលបាន នៅពេលចូលនិវត្តន៍ ។
នៅក្នុងលិខិតពីរសន្លឹក គោរពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី, សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ អតីតអធិការស្រុករតនមណ្ឌលបានសរសេរថា ស្ថិតក្នុងរយៈពេល៣៦ឆ្នាំ នៃការបម្រើការងារជាកម្លាំងនគរបាលខេត្តបាត់ដំបង និងត្រូវបានតែងតាំងជាប្រធាននគរបាលស្រុករតនមណ្ឌលចាប់ពីឆ្នាំ១៩៨៧ លោកបានបំពេញនូវតួនាទីជាអ្នកទទួលខុសត្រូវក្នុងអង្គភាពយ៉ាងខ្ជាប់ខ្ជួន និងឆ្លងកាត់សមរភូមិប្រយុទ្ធតស៊ូក្នុងភ្លើងសង្គ្រាមយ៉ាងច្រើន ស្ទើរបាត់បង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ ប្រជាជន និងគណបក្សប្រជាជនកម្ពុជា ។
ឆ្នាំ២០១៧ លោកត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យចូលនិវត្តន៍តាមប្រកាសលេខ ១៩៥ប្រ.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ។ លោកបានសរសេរថា នេះជាមោទនភាពសម្រាប់លោក និងមានការពេញចិត្តជាទីបំផុត ។ ប៉ុន្តែវាជាប្រការដែលគួរឲ្យសោកស្តាយ និងអាម៉ាសនៅក្នុងដំណាក់កាលចុងក្រោយនេះទៅវិញ ។ មូលហេតុនៃភាពអាម៉ាសនោះគឺ៖
១ កម្មវិធីប្រកាសឲ្យចូលនិវត្តន៍ និងប្រកាសមុខតំណែងអធិការនគរបាលថ្មី ដែលបានរៀបចំនៅសាលមហោស្របស្ទឹងសង្កែកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ មិនបានជូនដំណឹងដល់លោក និងអញ្ជើញឲ្យចូលរួមនោះឡើយ ។ ១ថ្ងៃបន្ទាប់ពីការប្រកាស ទើបមានមន្ត្រីនគរបាលស្រុកម្នាក់យកប្រកាសឲ្យចូលនិវត្តន៍ដែលគេផ្ញើតាមវ៉សអាប់ជូនលោក ។ នៅថ្ងៃទី២៦ ខែមិថុនា ពិធីប្រកាសផ្លាស់ប្តូរអធិការនគរបាលស្រុកបានធ្វើឡើងជាផ្លូវការនៅក្នុងអង្គភាពដោយមិនមានរូបលោកចូលរួម ។
អតីតមន្ត្រីនគរបាលរូបនេះបានបន្តថា លោកមិនយល់អំពីបែបបទ និងកម្មវិធី ដែលបានធ្វើឡើងនោះទេ ។
២ នាយនគរបាល, កម្លាំងនគរបាលដែលមានស្នាដៃលះបង់គ្រប់បែបយ៉ាងក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន ហើយត្រូវចូលនិវត្តន៍ទទួលបានជោគវាសនាមិនខុសគ្នាដូចរូបលោកនេះឬ?
៣ លោកមិនមានការអាក់អន់ស្រពន់ចិត្ត ឬក៏មានការថ្នាំងថ្នាក់ ឬក៏មានការអៀនខ្មាស់ចំពោះសង្គមទេ គ្រាន់តែមានការអៀនខ្មាស់ចំពោះខ្លួនឯង, ខ្មាស់សមរភូមិដែលធ្លាប់ទទួលខុសត្រូវក្នុងការប្រយុទ្ធ, ខ្មាស់សមិទ្ធផលដែលរូបលោកបានកសាង និងការពារក្នុងរយៈពេលកន្លងមក ។
ប៉ុន្តែទឹកចុងក្រោយដែលលោកទទូលបាន សូម្បីតែដំណឹងស្តីពីការប្រកាសឲ្យចូលនិវត្តន៍ និងសិទ្ធិក្នុងការដឹង និងការផ្ទេរសមិទ្ធភាពដល់អ្នកបន្តវេនក៏គ្មានផង ៕ ហេង សូរិយា