ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋចោទមន្រ្តីបរិស្ថានទីកាត់ការដែនជំរកសត្វព្រៃភ្នំសំកុះថាបានជំរិតយកលុយ និងរឹបអូសយកឈើពីពួកគាត់ដឹកឈើតាមគោយន្តកន្រ្តៃយកទៅធ្វើផ្ទះពិតៗ ខណៈដែលក្រុមមន្រ្តីបរិស្ថានខាងលើឃាត់គោយន្តកន្រ្តៃដឹកឈើចំនួន ២គ្រឿង បង្ខំឲ្យពួកគាត់បង់លុយក្នុងម្នាក់ៗចំនួន១លានរៀល(មួយ លានរៀលគត់) និងយកឈើពួកគាត់ក្នុង ១គោយន្តៗចំនួន ១ម៉ែត្រត្រីគុណថែមទៀត។
ហេតុការណ៍ខាងលើបានបង្កឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុះ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អ្នកបើកបរ និងអ្នករួមដំណើរគោយន្តកន្រ្តៃដឹកឈើចំនួន ២គ្រឿងសុំមិនបញ្ចេញឈ្មោះបានឲ្យថា ពួកគាត់បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានទិញឈើប្រភេទឈើអារ(ខ្លុងឬត្បែង)គ្រឿងធ្វើផ្ទះសំបែងចំនួនប្រមាណ ៦ម៉ែត្រត្រីគុណ ដែលខំសន្សំលុយយូណាស់មកហើយនោះ ដើម្បីដឹកយកទៅធ្វើផ្ទះនៅភូមិក្រាំងដូង ឃុំពាម ស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រោះគាត់បានប្រពន្ធនៅទីនោះ លុះនៅល្ងាចថ្ងៃខាងលើជាថ្ងៃកើតហេតុ ពួកគាត់បានបើកគោយន្តកន្រ្តៃដឹកឈើចេញពីមូលដ្ឋានទិញឈើ គឺភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ស្រាប់តែជិតមកដល់ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុះ គាត់បានឈប់គោយន្តដើម្បីមកសុំក្រុមមន្រ្តីបរិស្ថាននៅទីនោះ ព្រោះពួកគាត់ពុំមែនជាឈ្មួញនោះទេសុំបន្ធូបន្ថយខ្លះផង ខណៈនោះក៍ត្រូវមន្រ្តីជំនាញបរិសា្ថនធ្វើការឃាត់គោយន្តកន្រ្តៃដឹកឈើរបស់គាត់តែម្តង ហើយក្រុមមន្រ្តីទាំងនោះបង្ខំតំរ៉ូវឲ្យពួកបង់លុយក្នុង ១គោយន្តៗចំនួន ១លានរៀល(មួយលានរៀលគត់) និងទំលាក់យកឈើពួកគាត់ក្នុងគោយន្ត ១គ្រឿងចំនួន ១ម៉ែត្រត្រីគុណថែមទៀត ការឃាត់ទុកនៅគោយន្តកន្រ្តៃដឹកឈើដើម្បីបង្ខំទាលុយ និងយកឈើរយៈពេល តាំងម៉ោង ៥ល្ងាចថ្ងៃទី១៤ រហូតដល់ម៉ោង៧យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ទាល់តែធ្វើតាមពួកគាត់ទើបគាត់ឲ្យគោយន្ត និងឈើនៅសល់។
អ្នកបើកបរ និងអ្នករួមដំណើរគោយន្តកន្រ្តៃដឹកឈើបន្តថា ពួកគាត់ចេញដំណើរដឹកឈើក្នុងគោលបំណងយកទៅធ្វើផ្ទះ ពីភូមិឃុំស្រុកតលើកំណាត់ផ្លូវជាតិលេខ ៥៥ ដូចបានរាបរបខាងលើទំរាំដល់គោលដៅនៅឯខេត្តកំពង់ឆ្នាំង ត្រូវចំណាយពេលវេលាដេកតាមផ្លូវជាតំណាក់ឯចំនួន ៤យប់ឯណុះ ពួកគាត់យល់ច្បាស់ទិញឈើដឹកជញ្ជូននេះមិនស្រាប់ច្បាប់ទេ តែសុំបន្ធូរបន្ថយបន្តិចទៅព្រោះពួកគាត់មិនមែនជាឈ្មួញរកសុីឈើនោះទេ គឺសន្សំទិញដឹកជញ្ជូនយកទៅធ្វើផ្ទះពិតៗប្រាកដ។
អ្នកបើកបរ និងអ្នករួមដំណើរគោយន្តកន្រ្តៃបន្តទៀតថា ការដែលពួកគាត់បង្ខំទិញ និងដឹកជញ្ជូនផ្លូវឆ្ងាយបែបនេះ ដោយសារឈើនៅទីនោះធូថ្លៃហើយឈើក៍ល្អដែរ ទោសជាដោះស្រាយបាយទឹកដល់សមត្តកិច្ចស្ថាប័នពាក់ព័ន្ធតាមដងផ្លូវខ្លះៗក្តីក៍នៅតែបន្តិចដែរ ខុសគ្នាស្រឡះពីការទិញតាមដេប៉ូលក់ឈើនៅតាមតំបន់ក្បែៗផ្ទះ ហើយម្យាងទៀតគាត់ឃើញគេដឹកបានគ្រប់ៗគ្នាមិនថាដឹកតិចឬច្រើននោះឡើយ គឺដឹករាល់ថ្ងៃឡើងរូងផ្លូវទៅហើយរួមទាំងម៉ាសុីនអារឈើឡើងរំពងព្រៃទៀតផង ដូចជាពុំសូវឃើញមានមន្រ្តីជំនាញឯណាមានចំណាតការផងហ្នឹង ជាមួយគ្នាខាងលើនេះដែរគាត់សំណូមពរសុំឲ្យថ្នាក់លើមានចំការរកយុត្តិធម៌ជូនពួកគាត់ផង ក្រែងក្រុមមន្រ្តីទាំងបង្ខចិត្តខ្លួនឯងធ្វើអ្វីខុសរឿងមកលើពួកគាត់ ដើម្បីតែប្រយោជន៍របស់ប៉ុន្មាននាក់គ្នាឯងនោះ។
ពាក់ព័ន្ធទៅនឹងករណីអ្នកបើកបរ និងអ្នករួមដំណើរគោយន្តកន្រ្តៃដឹកឈើលើកឡើង៖ អ្នកសារព័ត៌មានមិនស្វែងរកសុំការពន្យល់ជុំវិញបញ្ហានោះបានទេ នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ប៉ុន្តែយើងបានព្យាយាមតេទូរស័ព្ទទៅលោក អភិបាលខេត្តពោធិ៍សាត់ ដើម្បីផ្តល់ព័ត៌មានខ្លះៗ និងសុំប្រសាសន៍ពន្យល់ខ្លះៗមកវិញ តែលោក មិនបានឆ្លើយតបក្បោះក្បាយក៍បិតទូរស័ព្ទទៅ៕ បឹុម ពិន