ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាលួចប្រេងដ៏សកម្ម២នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តដែលកំពុងដើរល្បាតធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីជនទាំង២នាក់នេះលួចប្រេងបានហើយប្រុងដឹកយកទៅលក់ ។
ការឃាត់ខ្លួននេះធ្វើឡើងកាលវេលាម៉ោង ២២និង៣០នាទីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នៅចំណុចក្រុមហ៊ុនថ្ម H.T.T.Kស្ថិតនៅភូមិព្រៃវៀវ ឃុំធម្មតាអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យ០២នាក់ដែលខាងកងរាជអាវុធហត្ថឃាត់ខ្លួនមាន ទី១.ឈ្មោះ ម៉ាក សូណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងទី២.ឈ្មោះ ភឿង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្សសាលា មានទីលំនៅដូចគ្នា ។
លោកអនុសេនីយ៏ឯក ទិត្យ វណ្ណះ ប្រធានមន្ទីរយុត្តិធម៌បានអោយដឹងថាអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៏ត្រី ជូសារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរូបលោកបានដឹកនាំកម្លាំងក្រោមបញ្ជាចុះល្បាតក្នុងភូមិសាស្រ្តខាងលើ ដើម្បីត្រៀមនិងបង្កាការពារសន្តិសុខជូនប្រជាពលរដ្ឋ ។
លោកទិត្យវណ្នះបន្តថា ក្នុងការចុះល្បាតនេះដែរសមត្ថកិច្ចរបស់លោកបានធ្វើការឃាត់ខ្លួនមុខសញ្ញាលួចប្រេងដ៏សកម្ម២នាក់ដែលពួកគេលួចចេញពីក្រុមហ៊ុនខាងលើ។ក្នុងការឃាត់ខ្លួននេះដែរសមត្ថកិច្ចរបស់លោកដកហូតបានប្រេងម៉ាស៊ុត២ប៊ីដុងស្មើនឹង៦០លីត្រ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៏ផ្កាឈូក ស្លាកលេខ កំពង់ស្ពឺ 1G-3095 និងទូរសព័្ទដៃ ចុចពឹលចំនួន០២គ្រឿង ផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនមកទីបញ្ជាការ អ.ហ ខេត្តកំពង់ស្ពឺដើម្បីរៀបចំឯកសារបញ្ជូនបន្តទៅកាន់សាលដំបូងខេត្តចាត់ការតាមនីតិវិធី ៕
ដោយ៖ សេនាស័ក្តិ