អម្រឹតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខនៅកម្ពុជាបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនក្រោមប្រធានបទ “យើងមានថ្ងៃនេះ គឺដោយសារការរួមចំណែកពី លោកគ្រូ អ្នកគ្រូ” នៅទូទាំងព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃច័ន្ទ ទី៥ ខែតុលា ឆ្នាំ២០១៥ ។
អម្រឹតបានឲ្យដឹងថា ការប្រារព្ធទិវាគ្រូបង្រៀននេះគឺដើម្បីជាការតបស្នងដឹងគុណចំពោះលោកគ្រូអ្នកគ្រូដែលបានចូលរួមចំណែកជួយបណ្តុះបណ្តាលសិស្សានុសិស្សឲ្យក្លាយជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំងចលករមួយ ក្នុងការអភិវឌ្ឍន៍សង្គមជាតិដែលយើងទាំងអស់គ្នាមិនអាចខ្វះបាន។
ក្នុងពិធីអបអរ ដែលបានរៀបចំឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជានេះ ហើយដោយមានការចូលរួមពីបុគ្គលិក និងថ្នាក់គ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតអាជ្ញាធរមូលដ្ឋានលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នានានៅតាមទីតាំងប្រារព្ធនីមួយៗ។
លោកផា ស៊ីថាន អនុប្រធានសាខាអម្រឹតចោមចៅបានថ្លែងថា៖ “យើងដឹងស្រាប់ហើយថាថ្ងៃនេះគឺជាទិវាគ្រូបង្រៀន ដូច្នេះយើងចង់ឆ្លៀតយកឱកាសនេះ ដើម្បីសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូដែលបានខិតខំបង្រៀន និងផ្ទេរចំណេះដឹងដ៏មានតម្លៃមកដល់ពួកយើងរហូតអាចធ្វើឲ្យយើងមានចំណេះដឹងប្រកបកិច្ចការងារមកដល់សព្វថ្ងៃ។”
អម្រឹតបានកំណត់យកសាលារៀនដើម្បីប្រារព្ធទិវាគ្រូបង្រៀន ដោយផ្អែកលើតម្រូវការជាក់លាក់ និងស្ថានភាពខ្សត់ខ្សោយពិតប្រាកដរបស់សាលារៀនទាំងនោះ និងជាពិសេសទៅទៀតនោះគឺកំណត់យកសាលារៀនដែលបុគ្គលិកអម្រឹតធ្លាប់បានសិក្សាកន្លងមក ។
លោក ផុន ឃីមនាយកសាលាបឋមសិក្សា អង្គស្តុកបានថ្លែងថា៖ “ការរៀបចំទិវាគ្រូបង្រៀននេះ គឺជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់មួយរបស់អម្រឹត ទៅលើវិស័យអប់រំនៅកម្ពុជានិងជាការរួមចំណែកលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូឲ្យបន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្តល់ចំណេះដឹងប្រកបដោយគុណភាពនិងប្រសិទ្ធភាពថែមទៀត។”
នេះជាលើកទីមួយហើយ ដែលអម្រឹតប្រារព្ធទិវានេះឡើង ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាននិងជាពិសេសនោះគឺលោកគ្រូ អ្នកគ្រូ ដែលលោកធ្លាប់មានគុណបំណាច់ ដោយលះបង់ពេលវេលាដ៏មានតម្លៃក្នុងការជួយបណ្តុះបណ្តាលសិស្សានុសិស្សអោយមានចំណេះដឹងដើម្បីបម្រើការងារនៅក្នុងសង្គមជាតិ ។ តាមរយៈកម្មវិធីនេះអម្រឹតបានធ្វើការប្រគល់សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ផ្សេងៗដល់សាលារៀនទាំងនោះជាមួយគ្នានោះ អម្រឹត ក៏បានប្រគល់វត្ថុអនុស្សាវរីយជូនដល់លោកគ្រូ អ្នកគ្រូដែលបានអញ្ជើញចូលរួម គឺទាំងលោកគ្រូ អ្នកគ្រូដែលបាននឹងកំពុងបម្រើការងារ និងលោកគ្រូ អ្នកគ្រូដែលបានចូលនិវត្តន៍ទៅហើយនោះផងដែរ។
អ្នកគ្រូ ស៊ឹម ធីតាបង្រៀននៅសាលាបឋមសិក្សា អង្គស្តុក បានថ្លែងថា៖ “ថ្ងៃនេះ ខ្ញុំមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែលអម្រឹតបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ដើម្បីធ្វើឲ្យយើងមានឱកាសបានជួបជុំសំណេះសំណាលគ្នា និងបានស្វែងយល់ពីទុក្ខលំបាកខ្លះៗរបស់យើង។ កម្មវិធីនេះបានជម្រុញឲ្យយើងមានការប្តេជ្ញាចិត្តតទៅមុខទៀត ក្នុងការអប់រំសិស្សានុសិស្សឲ្យក្លាយទៅជាសសរទ្រូងដ៏រឹងមាំមួយសម្រាប់កូនល្អ ពលរដ្ឋល្អ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានចាប់ផ្ដើមដំណើរការកាលពី១៩៩១ហើយចាប់តាំងពីពេលនោះមក អម្រឹតបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មប្រាក់កម្ចី និងសេវាប្រាក់បញ្ញើជាច្រើនប្រភេទ ក្នុងនោះរួមមានសេវាឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានកសិកម្ម ឥណទានសហគ្រាសខ្នាតតូច និងមធ្យម គណនីសន្សំ និងការដាក់ប្រាក់បញ្ញើតាមកាលកំណត់ ហើយអម្រឹតក៏មានសេវាផ្ទេរប្រាក់ក្នុងស្រុកផងដែរ ៕