អម្រឹតប្រារព្ធទិវាគ្រូបង្រៀនក្រោមប្រធានបទ យើងមានថ្ងៃនេះគឺដោយសារការរួមចំណែកពីលោកគ្រូអ្នកគ្រូ

ចែករំលែក៖

អម្រឹតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ឈានមុខ​នៅ​កម្ពុជាបានរៀបចំប្រារព្ធ​​ពិធីអបអរ​សាទរទិវា​គ្រូបង្រៀន​​ក្រោម​ប្រធានបទ “យើង​មាន​ថ្ងៃនេះ​ គឺ​ដោយសារ​ការ​រួម​ចំណែក​ពី លោក​គ្រូ អ្នក​គ្រូ” នៅ​​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ថ្ងៃច័ន្ទ ទី​៥ ខែ​តុលា ឆ្នាំ២០១៥ ។

01

អម្រឹត​បាន​ឲ្យដឹងថា ការប្រារព្ធ​​ទិវាគ្រូបង្រៀននេះគឺ​​ដើម្បី​ជា​ការ​តប​ស្នង​ដឹងគុណចំពោះ​លោក​គ្រូអ្នកគ្រូដែល​បានចូល​រួម​ចំណែកជួយបណ្តុះបណ្តាល​សិស្សានុសិស្ស​ឲ្យ​ក្លាយ​ជា​ កូន​ល្អ សិស្ស​ល្អ ពលរដ្ឋល្អ ដែល​ជាកម្លាំង​ចលករមួយ​​ ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ដែល​យើង​ទាំង​អស់​គ្នា​មិន​អាច​ខ្វះ​បាន​។​​​

ក្នុងពិធី​អបអរ​ ដែល​បានរៀបចំឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជានេះ ​ហើយដោយ​មា​នការ​ចូលរួម​ពីបុគ្គលិក​ និង​ថ្នាក់គ្រប់​គ្រង​នៃ​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​ អម្រឹត​អាជ្ញាធរមូលដ្ឋាន​លោក​គ្រូ អ្នក​គ្រូនិង​សិស្សានុសិស្ស​ នានានៅ​តាម​ទីតាំងប្រារព្ធ​​នីមួយៗ​។

លោកផា ស៊ីថាន អនុប្រធានសាខា​អម្រឹតចោមចៅបាន​ថ្លែង​ថា៖ “យើង​ដឹង​ស្រាប់​ហើយ​ថាថ្ងៃនេះគឺជាទិវាគ្រូបង្រៀន​ ដូច្នេះយើងចង់​ឆ្លៀត​យក​ឱកាស​នេះ​ ដើម្បី​សម្តែង​ការ​​ដឹង​គុណយ៉ាង​ជ្រាលជ្រៅ​​ចំពោះ​លោក​គ្រូ អ្នក​គ្រូ​ដែល​បានខិតខំ​បង្រៀន​ និង​ផ្ទេរចំណេះ​ដឹងដ៏មាន​តម្លៃមកដល់ពួក​​យើងរហូតអាច​​​​ធ្វើ​ឲ្យ​យើងមាន​ចំណេះ​ដឹង​​​ប្រកប​កិច្ច​ការងារ​​​​មកដល់​សព្វថ្ងៃ​​​។”​

អម្រឹតបាន​កំណត់​យក​សាលារៀន​ដើម្បី​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​​​ ដោយ​ផ្អែក​លើ​តម្រូវ​ការ​ជាក់លាក់ និងស្ថានភាព​ខ្សត់​ខ្សោយ​ពិត​ប្រាកដរបស់​សាលារៀនទាំងនោះ​ និង​ជាពិសេសទៅទៀតនោះគឺកំណត់យក​សាលារៀន​ដែល​បុគ្គលិក​អម្រឹតធ្លាប់​បាន​សិក្សាកន្លង​មក ​។

លោក​ ផុន ឃីមនាយកសាលាបឋម​សិក្សា អង្គស្តុកបាន​ថ្លែង​ថា៖ “ការរៀបចំទិវាគ្រូបង្រៀន​នេះ គឺ​ជាការឆ្លុះ​បញ្ចាំងនូវ​​​ការយកចិត្ត​ទុកដាក់មួយ​របស់អម្រឹត ទៅលើ​វិស័យ​អប់រំ​នៅ​កម្ពុជា​និងជា​ការ​​រួម​ចំណែកលើក​ទឹក​ចិត្តដល់​​លោក​គ្រូ អ្នក​គ្រូឲ្យ​បន្តការ​​ខិតខំប្រឹង​ប្រែងរបស់​ខ្លួន ក្នុង​ការ​​​ផ្តល់​​​ចំណេះដឹង​ប្រកប​ដោយ​គុណភាព​និង​ប្រសិទ្ធភាពថែម​ទៀត​។”

នេះ​ជាលើកទីមួយហើយ​ ដែល​អម្រឹត​ប្រារព្ធទិវា​នេះ​ឡើង​​ ដើម្បី​​​រួមចំណែក​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បង្កើន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធជាមួយសិស្សានុសិស្ស​ ​​អាជ្ញាធរ​មូលដ្ឋាន​និងជាពិសេសនោះគឺលោកគ្រូ អ្នកគ្រូ ដែលលោកធ្លាប់មានគុណបំណាច់ ដោយលះបង់ពេលវេលាដ៏មានតម្លៃក្នុងការជួយបណ្តុះបណ្តាលសិស្សានុសិស្សអោយមានចំណេះដឹង​ដើម្បីបម្រើការងារនៅក្នុងសង្គមជាតិ ។ តាមរយៈ​កម្មវិធីនេះអម្រឹតបានធ្វើការប្រគល់សម្ភារៈសិក្សា និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ដល់សាលារៀន​ទាំង​នោះជាមួយគ្នានោះ អម្រឹត ក៏បានប្រគល់​​វត្ថុអនុស្សាវរីយជូន​ដល់​លោក​គ្រូ អ្នក​គ្រូដែលបានអញ្ជើញចូលរួម គឺទាំងលោកគ្រូ អ្នកគ្រូដែលបាននឹងកំពុងបម្រើការងារ និងលោកគ្រូ អ្នកគ្រូដែលបានចូលនិវត្តន៍ទៅហើយនោះ​ផង​​ដែរ។

អ្នក​គ្រូ ស៊ឹម ធីតាបង្រៀន​នៅ​សាលាបឋមសិក្សា អង្គស្តុក បានថ្លែងថា៖ “ថ្ងៃនេះ ខ្ញុំមាន​ចិត្តសប្បាយ​​​រីករាយខ្លាំង​​​ណាស់ដែល​​អម្រឹត​បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​​នេះ​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ឱកាសបាន​ជួប​ជុំសំណេះសំណាលគ្នា និងបាន​ស្វែង​យល់​ពី​ទុក្ខលំបាក​ខ្លះ​ៗរបស់យើង​។ កម្មវិធី​នេះ​​បាន​ជម្រុញឲ្យ​​យើងមាន​ការ​ប្តេជ្ញាចិត្តតទៅមុខ​ទៀត​ ក្នុង​ការ​​​អប់រំ​សិស្សានុសិស្ស​ឲ្យ​​​ក្លាយ​ទៅជាសសរ​ទ្រូង​ដ៏​រឹង​មាំ​មួយ​សម្រាប់​កូនល្អ ពលរដ្ឋល្អ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បានចាប់​ផ្ដើមដំណើរការ​កាលពី​១៩៩១ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក​ អម្រឹត​បានក្លាយ​ជាគ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ឈានមុខ​គេមួយ​នៅ​កម្ពុជា ដែល​​ផ្តល់​ជូន​នូវ​សេវាកម្ម​ប្រាក់​​កម្ចី​ និង​​សេវា​​​​​​​ប្រាក់​បញ្ញើ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​រួម​មាន​សេវា​ឥណទាន​ក្រុមធានា ឥណទាន​បុគ្គល​ ឥណទាន​កសិកម្ម ឥណទាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម គណនី​សន្សំ និង​ការដាក់​ប្រាក់​បញ្ញើ​តាម​កាល​កំណត់ ហើយអម្រឹតក៏មានសេវាផ្ទេរប្រាក់ក្នុងស្រុកផងដែរ ៕

...

 

 

02 03

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print