អភិបាលរដ្ឋ Carolina បានប្រកាសថា ទឹកជំនន់នៅភាគខាងត្បូងរដ្ឋ Carolina សហរដ្ឋអាមេរិកបណ្តាលឲ្យស្លាប់មនុស្សកើនឡើងពី៣នាក់ ដល់៩នាក់ហើយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតនៅតែគ្មានអគ្គិសនីប្រើប្រាស់ ឬទឹកស្អាតបរិភោគ ។
ពលរដ្ឋរងផលប៉ះពាល់បាននាំគ្នាជ្រកនៅក្រោមដំបូលតង់កៅស៊ូជាបណ្តោះអាសន្ន ខណៈដែលកម្លាំងជួយសង្គ្រោះធ្វើប្រតិបត្តិការជម្លៀសជនរងគ្រោះតាមឧទ្ធម្ភាគចក្រ ក៏ព្រោះតែផ្លូវ និងស្ពានជាច្រើនខ្សែត្រូវអាជ្ញាធរប្រកាសបិទមិនឲ្យធ្វើចរាចរណ៍ ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
លោកស្រី Nikki Haley អភិបាលរដ្ឋ Carolina បានថ្លែងថា ជាអកុសលនៅពេលនេះពលរដ្ឋរងគ្រោះរហូតដល់៩នាក់ហើយបានបាត់បង់ជីវិត ។ លោកអះអាងថា នៅជាយក្រុង Columbia ជាទីតាំងដែលរងគ្រោះដោយទឹកជំនន់ខ្លាំងជាងគេបំផុត ។
លោកស្រី Haley បានហៅគ្រោះទឹកជំនន់នេះថា ជាព្រឹត្តិការណ៍មួយមិនធ្លាប់កើតមានក្នុងរយៈពេល១ពាន់ឆ្នាំ។ លោកបញ្ជាក់ថា ស្ថិតនៅ South Carolina លំនៅឋានប្រមាណ២៦.០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងជិត៤០.០០០ខ្នងគ្មានទឹកស្អាតបរិភោគ ឬប្រើប្រាស់ ។
នាយកដ្ឋានអាកាសធាតុជាតិអាមេរិកបានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នាស្ថិតនៅតំបន់ខ្ពង់នោះបានធ្វើឲ្យទឹកភ្លៀងនោះហូរទៅជន់លិចនៅតំបន់ភាគខាងត្បូងដែលមានកម្ពស់ទឹកប្រមាណ៣៥សង្ទីម៉ែត្រកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ ។ ទឹកជំនន់នេះបានរាលដល់ដល់តំបន់ទាំងមូលតែម្តងធ្វើឲ្យពលរដ្ឋចាំបាច់ត្រូវតែភៀសខ្លួនទៅរកទីមានសុវត្ថិភាព ។
អ្នកស្រី Patricia Harde អាយុ៤៨ឆ្នាំ បានប្រាប់ប្រភពព័ត៌មានថា លំនៅឋានរបស់អ្នកស្រីត្រូវទឹកលិច រថយន្ត និងទ្រព្យសម្បតិ្តក្នុងផ្ទះ គឺនៅក្រោមទឹកទាំងអស់ទាំង គ្រប់យ៉ាងត្រូវនៅក្រោមទឹកទាំងអស់ ។ នៅពេលនេះអ្នកស្រី រួមជាមួយកូនស្រីវ័យជំទង់២នាក់ និងក្មេងៗ៤នាក់ ក្នុងនោះមានកុមារអាយុ៤ខែម្នាក់ផងដែរកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងសាលារៀនមួយកន្លែង ។
កាកបាទក្រហមអាមេរិកបានសាងសង់ដំបូលតង់បណ្តោះអាសន្នប្រមាណ៣០ទីតាំង ស្ថិតនៅ South Carolina ដើម្បីជួយសម្រួលដល់ជនរងគ្រោះដោយទឹកជំនន់ទាំងនោះ ។
លោកស្រី Nikki Haley បានបញ្ជាក់ថា បានជម្រាបព័ត៌មានទៅកាន់លោកប្រធានាធិបតិបារ៉ាក់ អូបាម៉ា ហើយមានការប្រកាសរដ្ឋសហភពនេះស្ថិតក្នុងគ្រាអាសន្ន ព្រមទាំងប្រកាសផ្តល់ជំនួយបន្ថែមទៅកាន់តំបន់រងគ្រោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត