ប្រភពព័ត៌មានបានរាយការណ៍ថា អាកាសយានិកអាកាសចរណ៍អាមេរិកម្នាក់បានធ្លាក់ខ្លួនឈឺ និងបានទទួលមរណភាពខណៈកំពុងបញ្ជាការហោះហើរពីទីក្រុង Phoenix ឆ្ពោះទៅកាន់ទីក្រុង Boston សហរដ្ឋអាមេរិកកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ។ ប៉ុន្តែទោះបីយ៉ាងណា ជើងហោះហើរនេះបានចុះចតនៅលើដីប្រកបដោយសុវត្ថិភាព ដោយសារសហអាកាសយានិកបន្តការងារកាន់ចង្កូតយន្តហោះនេះ ។
យន្តហោះដឹកអ្នកដំណើរ ប្រភេទ Airbus A320 រួមមានអ្នកដំណើរ ១៤៧នាក់ និងអាកាសយានិក៥នាក់ ត្រូវបង្វែរទិសទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Syracuse Hancock ក្នុងទីក្រុងញូវយ៉កភ្លាមៗ ក្រោយមានហេតុការណ៍ខាងលើនេះកើតឡើង ។
ក្រុមហ៊ុនអាកាសចរណ៍ American Airline បានចេញសេចក្តីថ្លែងការណ៍មួយច្បាប់ថា គួរឲ្យសោកស្តាយ អាកាសយានិករបស់យើងបានបាត់បង់ជីវិត ។ យើងពិតជាមានការសោកស្តាយខ្លាំងណាស់ចំពោះព្រឹត្តិការណ៍នេះ ។ យើងផ្តោតជាសំខាន់នៅក្នុងការដឹកសាកសពសហករណីរបស់យើងទៅកាន់ក្រុមគ្រួសាររបស់គេវិញ ។ អាកាសចរណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងការទទួលមរណភាពរបស់អាកាសយានិក ខណៈកំពុងបើកបរនោះឡើយ ។
ជើងហោះហើរលេខ Flight 550 បានចាកចេញពីអាកាសយានដ្ឋានទីក្រុង Phoenix ឆ្ពោះទៅកាន់ទីក្រុង Arizona កាលពីវេលាម៉ោង១១និង៥៥នាទីយប់ (ម៉ោងនៅក្នុងតំបន់) ហើយបានចុះចតនៅអាកាសយានដ្ឋាន Syracuse វិញកាលពីវេលាម៉ោង៧និង១៣នាទីព្រឹក ។ ការដោះដូរអាកាសយានិកត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋាន Syracuse នោះដើម្បីបន្តដឹកអ្នកដំណើរឆ្ពោះទៅកាន់ទីក្រុង Boston វិញ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត