ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តការសាកសួរគ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ដែលនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ ។ នេះបើយោងតាមសម្តីមន្រ្តីតុលាការថ្លែងឲ្យដឹងយ៉ាងដូច្នេះ ។
មន្រ្តីជាន់ខ្ពស់នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «បន្ទាប់ពីសួរនាំទៅ កម្លាំងនគរបាលជំនាញ បានសម្រេចធ្វើការឃាត់ខ្លួន ហើយកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដោយសាររកឃើញថា ជននេះពិតជាបានជាប់ព័ន្ធ នឹងបទល្មើសនេះមែន»។
ជាមួយគ្នានេះ សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Daily Mail ក៏បានចេញផ្សាយថែមទាំងបង្ហាញរូបថតរបស់ជនបរទេសរូបនេះផងដែរ។
សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។
មន្ដ្រីនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានចាប់ខ្លូន ខណៈពេលចេញពីសាលារៀន ហើយជនបរទេសរូបនេះមានឈ្មោះ Mark Andrew Smith។
ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់ មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ ដើម្បីធ្វើការដោះស្រាយប៉ុណ្ណោះ៕
ដោយ៖ ចេស្តា