ខេត្តត្បូងឃ្មុំ ៖ បើនិយាយអំពីបទល្មើសនេសាទគឺមានតែខេត្តត្បូងឃ្មុំមួយប៉ុណ្ណោះដែលមហាជនទូទៅលើកឡើង ថា ជំនាញជលផលខេត្តហាក់គ្មានឆន្ទះក្នុងការបង្រ្កាប ទប់ស្កាត់នោះ និងដែលមាន លោក អ៊ាម ម៉ាយ៉ុងរី ជានាយខណ្ឌជលផលខេត្តត្បូងឃ្មុំ ដ៏ស្ពឹកស្រពន់។
ជាក់ស្តែងរបាំងស្បៃមុងរាប់រយកន្លែងកំពុងដាក់ចាប់យកត្រីតូចធំក្នុងរដូវត្រីពង នាភូមិសាស្ត្រព្រៃលិចទឹក ខេត្តត្បូងឃ្មុំដោយគ្មានអាជ្ញាធរ ឮសមត្ថកិច្ចជំនាញណាចុះហាមឃាត់ ឬអន្តរាគមន៍បង្ក្រាបឡើយ។ ការមិនបង្ក្រាប់ត្រូវបានប្រជាពលរដ្ឋមួយចំនួនដាក់ការសង្ស័យថាអ្នកប្រព្រឹត្តិបទល្មើសត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចជំនាញ ពិសេសមន្ត្រីរដ្ឋបាលជលផលដែលមានលោក ម៉ា យ៉ុងរី ជាប្រធាន ។
របាំងស្បៃមុងដែលសូម្បីកូនត្រីទើបញាស់ក៏មិនអាចចេញរួចផងនោះត្រូវបានដាក់ស្ទើរជាប់គ្នាតាមបឹង ប្រឡាយ អូ ក្នុងស្រុកត្បូងឃ្មុំ និងក្រូចឆ្មារ ដែលជាប់ដងទន្លេមេគង្គ ដើម្បីចាប់យកត្រីគ្រប់ប្រភេទក្នុងរដូវត្រីពងនេះ ដោយគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋប្រាប់ថា ទាំងដាក់ស្បៃ និងមិនដាក់ស្បៃបានបង្ហើបអោយដឹងថា អ្នកដាក់ស្បៃមុងមួយចំនួនបានបង់ប្រាក់ឲ្យមេខ្យល់ និងមួយចំនួនមិនបង់នោះទេ ខណៈអ្នកបង់គេនិងប្រាប់មុននៅពេលមានសមត្ថកិច្ចចុះមកបង្ក្រាប ចំណែកអ្នកមិនបង់គេមិនប្រាប់ឡើយ។
ជុំវិញបញ្ហានេះភ្ងាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក អ៊ាម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំបានទេដោយទូរស័ព្ទមិនចូល ចំណែកលោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកថាជាប់ប្រជុំ ៕ វណ្ណៈ