សម្តេច ស ខេង ៖ ជំរុញនិងលើកទឹកចិត្តដល់សមត្ថកិច្ចមានស្នាដៃបង្ក្រាបគ្រឿងញៀនបានជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្ត យុទ្ធនាការលើកទី២ ដែលបានរៀបចំធ្វើឡើង​ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​លើកទី១ រយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​​បាន​លទ្ធផល​ល្អប្រសើរថែមទៀត។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន។

ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១នេះ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន បានបង្រ្កាបក្រុមមុខសញ្ញា ចែកចាយគ្រឿងញៀនជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់ នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។

សម្តេចក្រឡាហោម ស ខេង បានប្រកាសថា ថវិកាជិត១លានដុល្លារ គ្រោងចំណាយសម្រាប់លើកទឹកចិត្ត ដល់មន្ត្រីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១នេះ។

សម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ការគ្រោងថវិកានេះ បានជំរុញ និងលើកទឹកចិត្តដល់សមត្ថកិច្ចមានស្នាដៃ បង្ក្រាបគ្រឿងញៀនបានជោគជ័យ»៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print