ភ្នំពេញ ៖ លោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា នេះ សម្រេចចោទប្រកាន់តាចំណាស់ម្នាក់ដែលរំលោភសេពសន្ថវៈក្មេងស្រីអាយុ៩ឆ្នាំ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
ប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបឲ្យដឹងថា តាចំណាស់រូបនេះឈ្មោះ ឆាយ យ៉ាន អាយុ៥៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ”រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ”តាមមាត្រា២៣៩និងមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍រំលោភសេពសន្ថវ:នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងព្រៃដីឡូតិ៍គ្មានលេខ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅគ្រាដែលកុមារីរងគ្រោះបានដើរទៅទិញទឹកកក ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជួបជនសង្ស័យ ពេលនោះជនសង្ស័យបានចាប់កុមារីរងគ្រោះចូលក្នុងព្រៃ រួចលេងប្រដាប់ភេទកុមារីរងគ្រោះ និងរំលោភរហូតបានសម្រេច។
ក្រោយកើតហេតុ កុមារីរងគ្រោះបាននិយាយរឿងហេតុទាំងអស់ប្រាប់ម្តាយ ហើយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពក្បាលកោះ គ្រូពេទ្យប្រាប់ថាមានស្នាមដាច់រលាត់ រួចក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្បាលកោះ។
ក្រោយពីទទួលពាក្យបណ្ដឹង របស់ម្តាយកុមារីរងគ្រោះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៕ចេស្តា