ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសចំនួន ៤នាក់ បានរងរបួសធ្ងន់ និងស្លាប់ជាបន្តបន្ទាប់ នៅក្នុងករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ៤លើកផ្សេងៗគ្នា នៅខត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា កាលពីពាក់កណ្ដាលអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧០-១៧១ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ មានគ្រោះថ្នាក់ចរាចរណ៍ ១លើក បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក(បើករត់គេចបាត់) បុកតាជិះកង់ពីក្រោយខណៈកំពុងធ្វើដំណើរស្របទិសគ្នា(កើតលិច) បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានខាងលើបន្តថា លុះនៅរសៀលថ្ងៃដដែល នៅចំណុចក្បែវិទ្យាល័យព្រះម្លូរចម្ងាយប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិរ៉ូង ឃុំបឹងខ្នារ ស្រុកបាកាន កមានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកដែរ បង្កឡើងដោយបុរសម្នាក់បានបើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B 4115 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានបុកសត្វឆ្កែរត់កាត់ផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា នៅល្លាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង កមានករណីគ្រោះថ្នាក់ចរាចរណ៍ដែរដោយបុរសម្នាក់ឈ្មោះ ឯក ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ លុះទៅដល់កន្លងកើតហេតុបានរេចង្កូតដួលបោកក្បាលរងរបួសធ្ងន់។
ប្រភពព័ត៌មានដដែលបញ្ជាក់បន្ថែមបន្តទៀតថា នៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២ និង៥០ រសៀល មាន ១ករណីទៀត បង្កឡើងដោយបុរសម្នាក់បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ 1C 8905 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុប៉ះជាមួយរថយន្ត ១គ្រឿង(មិនស្គាល់ម៉ាក) បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ចំពោះវត្ថុតាងបង្កសមត្តកិច្ចជំនាញបានចាត់ចែងតាមនីតិវិធី៕ បឹុម ពិន