ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់ កម្ពុជាបានបង្ហោះវីដេអូឃ្លីបមួយមាន រយៈពេលជាង២នាទីពីសកម្មភាពប្រមូល ផ្ដុំក្រុមកីឡាករជម្រើសជាតិហ្វឹកហាត់ មុនចេញទៅប្រកួតជាមួយម្ចាស់ផ្ទះសិង្ហបុរីក្នុងវគ្គជម្រុះ World Cup 2018 ក្នុង ពូលE ប្រចាំតំបន់អាស៊ីនៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៥ខាងមុខ ។
ដូចគ្នាខាងលើនេះដែរ សហព័ន្ធកីឡា បាល់ទាត់របស់ប្រទេសសិង្ហបុរីក៏បាន បង្ហាញពីការប្រមូលផ្ដុំកីឡាករជម្រើស ជាតិ២៤នាក់ដើម្បីត្រៀមប្រកួតជម្រុះ World Cup ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ចំនួន២ប្រកួត គឺនៅថ្ងៃទី៨ ខែតុលា ប៉ះ ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន និងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ត្រូវ ជួបជាមួយក្រុមជម្រើសជាតិកម្ពុជា ។
ចំពោះក្រុមជម្រើសជាតិកម្ពុជានៅសល់២ប្រកួតទៀតបន្ទាប់ពីជួបក្រុមម្ចាស់ ផ្ទះសិង្ហបុរីរួច នៅថ្ងៃទី១៧ ខែវិច្ឆិកា ត្រូវ ស្វាគមន៍ភ្ញៀវជប៉ុន១ប្រកួតទៀត ។ ការ កោះប្រមូលផ្ដុំក្រុមជម្រើសជាតិមកធ្វើការហ្វឹកហាក់មានបញ្ហាខ្លះៗ ដោយ កីឡាករក្រុមជម្រើសរបស់ក្រសួងការ ពារជាតិទើបតែត្រូវបានថ្នាក់ដឹកនាំក្លិប របស់ពួកគេអនុញ្ញាតឱ្យចូលទៅប្រមូលផ្ដុំហ្វឹកហាត់ក្រោមការគ្រប់គ្រងរបស់ លោក Lee Taehoon គ្រូជម្រើសជាតិ កម្ពុជា ។
នៅឯប្រទេសសិង្ហបុរីឯណោះវិញបានចាប់ផ្ដើមដាក់លក់សំបុត្រឱ្យទស្សនិក ជនចូលទស្សនាការប្រកួតបាល់ទាត់ ជម្រុះ World Cup 2018 តំបន់អាស៊ីក្នុង តម្លៃសំបុត្រខ្ពស់បំផុតចំនួន៣៨ដុល្លារ ប៉ុន្ដែសម្រាប់និស្សិត១០ដុល្លារ ។
គួររំលឹកថា ម្ចាស់ផ្ទះសិង្ហបុរីគ្មាន គម្រោងប្រកួតមិត្ដភាពមុនទទួលភ្ញៀវ អាហ្វហ្គានីស្ថាន និងកម្ពុជានោះឡើយ៕
ដោយ៖ សារីម