ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ថា សហគមន៍អឺរ៉ុបបានចាប់ផ្តើមធ្វើប្រតិបត្តិការចាប់នាវារត់ពន្ធជនភៀសខ្លួនដែលឆ្លងកាត់តាមសមុទ្រមេឌីទែរ៉ាណេ ។
ស្ថិតនៅក្រោមច្បាប់ថ្មីដែលសម្រេចអនុវត្តនេះ កងកម្លាំងមានសមត្ថកិច្ចមានសិទ្ធិនៅក្នុងការតាមប្រមាញ់ ឆែកឆេរ រឹបអូស នូវនាវាទាំងឡាយដែលសង្ស័យថា មានរត់ពន្ធជនភៀសខ្លួន ។
ក្រុមសមត្ថកិច្ចដែលអនុវត្តគម្រោងការនេះគឺផ្តោតជាសំខាន់ទៅលើការជួយសង្គ្រោះជនដែលរងគ្រោះ ។
របាយការណ៍នានាបានលើកឡើងថា ក្នុងឆ្នាំ២០១៥នេះ ជនភៀសខ្លួនដែលមកពីឈូងសមុទ្រអាហ្វ្រិកភាគខាងជើងចូលទៅកាន់សហគមន៍អឺរ៉ុបមានប្រមាណ១៣០.០០០នាក់ ។ ជាមួយគ្នានេះដែរ ជនភៀសខ្លួនប្រមាណ២៧០០បានជួបគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារតែក្រឡាប់នាវាជាដើម ។
វិបត្តិជនភៀសខ្លួននេះផងដែរកំពុងក្លាយជាបញ្ហាធំដែលធ្វើឲ្យអធិការបតីអាល្លឺម៉ង់ លោកស្រី អេងហ្គេឡា ម៉ាក់កែល និងលោកហ្វ្រាំងស័រ ហូឡង់ ចាំបាច់ត្រូវតែធ្វើសេចក្តីប្រកាសរួមមួយកាលពីថ្ងៃទី៧ ខែតុលា នៅឯសម័យប្រជុំសភាសហគមន៍អឺរ៉ុបដែលបានប្រព្រឹត្តឡើងនៅទីក្រុង Strasbourg ។
ជនភៀសខ្លួនភាគច្រើនធ្វើដំណើរចេញពីប្រទេសតំបន់អាហ្វ្រិកឆ្លងកាត់សមុទ្រលីប៊ី ហើយជាមួយគ្នានេះ ប្រទេសទួរគីក៏ជាច្រកផ្លូវមួយយ៉ាងសំខាន់ផងដែរសម្រាប់ជនភៀសខ្លួនធ្វើដំណើរឆ្លងកាត់ពីតំបន់មជ្ឈិមបូព៌ា រត់គេចពីសង្គ្រាម និងទុគ៌តភាព ។
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ឆ្មាំការពារដែនសមុទ្រប្រទេសអ៊ីតាលីបានថ្លែងបញ្ជាក់ថា ជនភៀសខ្លួនប្រមាណ១.៨០០នាក់ ត្រូវបានជួយសង្គ្រោះចេញពីនាវា៦គ្រឿងដែលអណ្តែតរសាត់លើសមុទ្រមេឌីទែរ៉ាណេ ជិតឈូងសមុទ្រប្រទេសលីប៊ី ។ ជនភៀសខ្លួនទាំងនេះបានធ្វើដំណើរតាននាវាគ្មានសុវត្ថិភាព៤គ្រឿង និងតាមទូកធ្វើអំពីកៅស៊ូ២គ្រឿងដែលអណ្តែងរសាត់តាមយថាកម្ម ៕
ប្រែសម្រួល៖ ម៉ែវ សាធី