ខេត្តព្រះសីហនុ៖ ដើមគ្រញូងរស់ទំហំពី១១សង់ទីម៉ែត្រទៅ១៩សង្ទីម៉ែត្រ ជាច្រើនដើមដែលដឹកតាមរថយន្តពីរគ្រឿងត្រូវបានសង្កាត់រដ្ឋាបាលព្រៃឈើវាលរេញ ឃាត់ដើម្បីសួរនាំ ។
កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលំ ក្រាលគ្រោះក្រហម ( ផ្លូវព្រែកក្រាញ់) ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយបានដោះលែងទៅវិញ នៅល្ងាចថ្ងៃដដែល។
ជុំវិញបញ្ហានេះ លោក សំសឿន នាយសង្កាត់រដ្ឋបាល ព្រៃឈើវាលរេញ បានប្រាប់បណ្តាញពត៍មាននៅរសៀលថ្ងៃទី៧នេះថា ដើមក្រញ៉ូងរស់ទាំងនេះ តាមដែលលោក ចុះធ្វើកំណត់ហេតុ គឺ មិនមែនសម្រាប់ឈ្មួញនាំចេញ ទៅក្រៅប្រទេស ឬ ជាលក្ខណៈ បំផ្លាញធំដុំនោះទេ គឺដើមគ្រញូងរស់ទាំងនេះគឺ ត្រូវបានទិញដឹកយកទៅ កាន់តំបន់អភិវឌ្ឌ្យន៍ភ្នំពេញ ដើម្បី លម្អរ ក្នុងបរិវេណអភិវឌ្ឌ្យន៍ភ្នំពេញ ហើយដើមគ្រញូងនេះសរុបមានចំនួន៤០ដើម មានទំហំចាប់១១សង្ទីម៉ែត្រទៅ១៩សង្ទីម៉ែត្រចម្រុះ ។
លោកនាយសង្កាត់បានបន្តថា ការឃាត់នេះដើម្បីណែនាំ អោយពួកគាត់យល់ អំពីច្បាប់ អោយមានការសុំច្បាប់ រាយការណ៍ ជូនស្ថានប័ណ្ណពាក់ព័ន្ឋ ដើម្បីងាយស្រួល ជាពិសេសស្ថាប័ណ្ណជំនាញ មានវិធានការណ៍ ធ្វើទៅតាមគោលការណ៍ច្បាប់ ទោះបីជាឈើទាំងនេះ គឺកើតឡើងពីប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ កាប់គាស់លក់បន្ត មកក៏ដោយ ចៀសវាងប៉ះពាល់ដល់តំបន់ជម្រក ព្រៃឈើ ដែលគ្រប់គ្រង ថែរក្សាដោយរដ្ឋបាលព្រៃឈើ។
ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយ ជុំវិញបញ្ហាការ កាប់ គាស់កូន ដើមគ្រញូងរស់ដឹកតាមរថយន្តយ៉ាងគគ្រឹកគក្រេងនេះត្រូវបានមតិប្រជាពលរដ្ឋ រិះគន់ថា ទង្វើទាំងនេះ សបញ្ជាក់អំពីអំពើពុករលួយយ៉ាងច្បាស់របស់មន្ត្រីជំនាញ ព្រោះវាជាប្រភេទឈើកម្រដែលត្រូវតែអភិរក្ស ឈើប្រភេទនេះ វាស្ទើរផុតពូជទៅហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តែបែរជារដ្ឋបាលព្រៃឈើវាលរេញ ខេត្តព្រះសីហនុ ដោះលែងទៅវិញ ដឹកម៉ាសេរីបែបនេះសោះ។
ប្រភពរិះគន់ដដែលបានបន្តថា កូនឈើគ្រញូងរស់ទាំងនេះមួយចំនួនតូចពិតណាស់ដឹកទៅកាន់ភ្នំពេញ ប៉ុន្តែមួយចំនួនធំដឹកទៅកាន់ប្រទេសវៀតណាមនៅពេលយប់ ដោយបានដឹក ចេញពីប្រជាពលរដ្ឋ រស់នៅ តំបន់ជើងភ្នំកំចាយភ្នំបូកគោ ក្នុងទឹកដី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានតម្លៃ ក្នុង០១ដើម ជាង១០ម៉ឺនរៀល តាមប្រភេទ តូចធំ ហើយការដែលគាស់ដើម គ្រញូង ក៏ទើបតែចាប់ផ្តើមដែរ នៅក្នុងតំបន់ខាងលើនេះ ហេតុនេះ ស្ថានប័ណ្ណជំនាញ ជាពិសេសមន្ត្រីថ្នាក់ក្រសួងជំនាញ គួរតែមានវិធានការ ទប់ស្កាត់ជាបន្ទាន់បើពុំនោះទេរុក្ខជាតិកម្រប្រភេទគ្រញូងនេះ នឹងត្រូវបាត់បង់ពីតំបន់ជើងភ្នំកំចាយភ្នំបូកគោ ក្នុងទឹកដី ស្រុកព្រៃនប់៕
ដោយ៖ ឆ្លាម សមុទ្រ