ខេត្តកណ្តាល៖ បុរសម្នាក់ព្រោះតែខឹងទៅលើស្ត្រីជាប្រពន្ធយកទូរស័ព្ទរបស់ខ្លួនតេទៅសួរសុខទុក្ខបងប្អួននោះ បានយកដែកកេះដុតពូក និងវាំងននឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាដួសទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះ រហូតរលត់ជាសន្ថាពរមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរនោះទេ ។ ដោយឡែកជនសង្ស័យជាប្តីចុងត្រូវបានស្ត្រីជាប្រពន្ធសម្រេចចិត្តប្តឹងឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាងចាត់ការតាមនីតិវិធីច្បាប់ ។
ករណីប្តីប៉ុនប៉ងដុតផ្ទះចោលបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥ និង ១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជុំ សុខុម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាកសិករ មានស្រុកកំណើតនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុជាមួយជនរងគ្រោះជាប្រពន្ធឈ្មោះ ជួង ណេង អាយុ៣២ឆ្នាំ ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះត្រូវជាប្តីទី២(ប្តីចុង)របស់ស្ត្រីរងគ្រោះ កន្លងមកជនសង្ស័យតែងតែផឹកស្រាស្រវឹងរករឿងឈ្លោះប្រកែកជាមួយប្រពន្ធជាញិកញាប់ ។ លុះមកដល់ថ្ងៃកើតហេតុស្ត្រីជាប្រពន្ធបានយកទូរស័ព្ទជនសង្ស័យជាប្តីចុងតេទៅសួរសុខទុក្ខបងប្អូនសាច់ញាតិប្តីដើម ទើបធ្វើឲ្យជនសង្ស័យខឹងសម្បាយ៉ាងខ្លាំងស្ទុះទាញយកទូរស័ព្ទពីស្ត្រីរងគ្រោះ រហូតបណ្តាលឲ្យកើតមានជម្លោះពាក្យសំដីយ៉ាងតឹងសសៃ.ក ដាក់គ្នា។ គ្រានោះជនសង្ស័យបានយកដែកកេះដុតទៅលើវាំងនន និងពូកដេកនៅក្នុងផ្ទះ បង្កឲ្យមានគ្រោះអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ឃើញដូច្នេះប្រជាពលរដ្ឋជិតខាងបាននាំគ្នាដួសទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះ រហូតរលត់ជាសន្ថាពរ កុំអីផ្ទះមួយខ្នងជាកេរ្តិ៍របស់ស្ត្រីជាប្រពន្ធត្រូវព្រះអគ្គីលេបត្របាក់អស់គ្មានសល់អ្វីឡើយ ។
ប្រភពដដែលបានបន្តថា ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីជាប្រពន្ធបានសម្រេ ចចិត្តប្តឹងចូលសមត្ថកិច្ចនគេបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ចាប់ខ្លួនលោកចុងចិត្តកំណាចផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ