ភ្នំពេញ ៖ ម្ចាស់ហាងបញ្ចាំម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា នេះ ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
មន្ត្រីតុលាការ ថ្លែងថា ម្ចាស់បញ្ចាំរូបនេះមានឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស ។ ខណៈបញ្ជូនជនសង្ស័យមកតុលាការ មានលេចឮព័ត៌មានជាច្រើន ថា កំពុងមានអ្នករត់ការខ្វែងដៃខ្វែងជើង ដើម្បីអន្តរាគមន៍ឲ្យមានការដោះលែងម្ចាស់ហាងបញ្ចាំខុសច្បាប់រូបនេះ ។
ប្រតិបត្តិការក្តៅនៃការឆែកឆេរ ត្រួតពិនិត្យ ហាងបញ្ចាំខុសច្បាប់ទូទាំងរាជធានីភ្នំពេញ នេះ គឺ បទបញ្ជារបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ បង្ការនូវបទល្មើសទាំងឡាយ ។ ព្រោះជនល្មើសប្រព្រឹត្តបទល្មើសរួចហើយ គ្មានកន្លែងទទួលបញ្ចាំខុសច្បាប់ នោះ សកម្មភាពប្រព្រឹត្តបទល្មើស ក៏អាចកាត់បន្ថយដែរ ។ លោកអភិបាលរាជធានីភ្នំពេញ ធ្លាប់ព្រមានហើយថា ត្រូវតែអនុវត្តតាមច្បាប់ ។
គួររំលឹកថា កម្លាំងចម្រុះរបស់ខណ្ឌសែនសុខ មានការចូលរួមពីលោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកម៉ូតូ និងរថយន្តរបស់ហាងបញ្ចាំមួយកន្លែង ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានប្រាប់ភ្នាក់ងារ ថា ជាលទ្ធផលសម្រេចបានក្នុងការងារជាតួរលេខឃើញថា ម៉ូតូអត់មានឯកសារចំនួន៥៤គ្រឿង ក្នុងចំណោមម៉ូតូចម្រុះ៧៤គ្រឿង រថយន្តអត់មានឯកសារចំនួន២គ្រឿង ក្នុងចំណោមរថយន្តចំនួន១០គ្រឿង។
សមត្ថកិច្ចបន្តទៀតថា ទាំងម៉ូតូ និងរថយន្តអត់មានឯកសារគ្រប់គ្រាន់នោះ ត្រូវបានសមត្ថកិច្ចដកហូត យកទៅរក្សាទុកជាបណ្តោះអាសន្ន៕ចេស្តា