ម្ចាស់​ហាង​បញ្ចាំ​ម្នាក់​ត្រូវ​បញ្ជូន​មក​តុលាការ​ ខណៈ​លេចឮ​ព័ត៌មាន​កំពុង​មាន​អ្នក​អន្តរាគមន៍​

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់​ហាង​បញ្ចាំ​ម្នាក់​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​សីហា​ នេះ​ ដើម្បី​ចាត់ការតាម​ច្បាប់​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ម្ចាស់​បញ្ចាំ​រូប​នេះ​មាន​ឈ្មោះ​ សុត​ ពិសិដ្ឋ​ ភេទប្រុស​ ។​ ខណៈ​បញ្ជូន​ជនសង្ស័យ​មក​តុលាការ​ មាន​លេចឮ​ព័ត៌មាន​ជា​ច្រើន​ ថា​ កំពុង​មាន​អ្នក​រត់ការ​ខ្វែង​ដៃ​ខ្វែង​ជើង​ ដើម្បី​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ម្ចាស់​ហាង​បញ្ចាំ​ខុសច្បាប់​រូប​នេះ​ ។

ប្រតិបត្តិការ​ក្តៅ​នៃ​ការ​ឆែកឆេរ​ ត្រួតពិនិត្យ​ ហាង​បញ្ចាំ​ខុសច្បាប់​ទូទាំង​រាជធានី​ភ្នំពេញ​ នេះ​ គឺ​ បទបញ្ជា​របស់​លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ទប់ស្កាត់​ បង្ការ​នូវ​បទល្មើស​ទាំងឡាយ​ ។​ ព្រោះ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​រួច​ហើយ​ គ្មាន​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់​ នោះ​ សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ ក៏​អាច​កាត់បន្ថយ​ដែរ​ ។​ លោក​អភិបាល​រាជធានី​ភ្នំពេញ​ ធ្លាប់​ព្រមាន​ហើយ​ថា​ ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ ។​

គួរ​រំលឹក​ថា​ កម្លាំងចម្រុះរបស់ខណ្ឌសែនសុខ​ មាន​ការ​ចូលរួម​ពី​លោក ប៉ិល កុសល អភិបាល​ខណ្ឌ​សែនសុខ​ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកម៉ូតូ និងរថយន្តរបស់ហាងបញ្ចាំមួយកន្លែង ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពី​ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានប្រាប់ភ្នាក់ងារ ថា ជាលទ្ធផលសម្រេចបានក្នុងការងារជាតួរលេខឃើញថា ម៉ូតូអត់មានឯកសារចំនួន៥៤គ្រឿង ក្នុងចំណោមម៉ូតូចម្រុះ៧៤គ្រឿង រថយន្តអត់មានឯកសារចំនួន២គ្រឿង ក្នុងចំណោមរថយន្តចំនួន១០គ្រឿង។

សមត្ថកិច្ចបន្តទៀតថា ទាំងម៉ូតូ និងរថយន្តអត់មានឯកសារគ្រប់គ្រាន់នោះ ត្រូវបានសមត្ថកិច្ចដកហូត យកទៅរក្សាទុកជាបណ្តោះអាសន្ន៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print