ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ព្រួតវាយទ្រមខ្លួនទើបប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌ ខណៈរួបគេបានធ្វើសកម្មភាពលួងលោមក្មេងស្រីម្នាក់ដោះយកក្រវិល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្សារឯករាជ្យ2 ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ឈ្មោះចេង សុជា ភេទប្រុស អាយុ40ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកCUB ពណ៌ស្លែ ។ ចំណែកជនរងគ្រោះឈ្មោះអួង គឹមពិសី ភេទស្រី អាយុ3ឆ្នាំ ម្តាយឈ្មោះលឹម ហ៊ុននី អាយុ35ឆ្នាំ មុខរបរលក់កាហ្វេ ទីលំនៅផ្ទះជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះកំពុងលេងក្រោយផ្ទះ ស្រាបតែជនសង្ស័យមកដល់បានលួងលោមក្មេងស្រីដោយឲ្យហូបស្ករគ្រាប់ ។ បន្ទាប់មកក៏ធ្វើសកម្មភាពដោះយកក្រវិលក្មេងស្រីតែម្តង ប៉ុន្តែពេលធ្វើសកម្មភាពរួចហើយក៏ឡើងម៉ូតូគេចខ្លួនពេលនោះមានអ្នកជិតខាងឃើញក៏ស្រែកឆោឡោថាចោដោះក្រវិលកូនក្មេង។ ពេលនោះកម្លាំងល្បាតអហខណ្ឌបានឮក៏ដេញចាប់បានតែម្តង ។
ក្រោយពេលចាប់ជនសង្ស័យបានកម្លាំងកងរាជអាវុធហត្ថបានឆែកឃើញក្រវិលមាស5ហ៊ុនដែលជនសង្ស័យដោះយកពីកូនក្មេងរងគ្រោះពិតប្រាកដ៏មែន ។ ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពបែបនេះបានសម្រេចជាច្រើនលើកមកហើយ ។ បច្ចុប្បន្នវត្ថុតាងក្រវិលមាស5ហ៊ុន ត្រូវបានប្រគល់ជូនម្តាយក្មេងស្រីរងគ្រោះវិញហើយ ។
ចំណែកជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីដើម្បីចាត់ការបន្ត ៕
ដោយ៖ សុខា សែនជ័យ