ស្ពានកញ្ចក់នៅក្នុងប្រទេសចិនដែលទើបនឹងបង្កើតឡើងដើម្បីបម្រើដល់ភ្ញៀវទេសចរណ៍មិនទាន់បានរយៈពេលមួយខែផងនោះ ស្រាប់តែមានការប្រេះស្រាំ ខណៈដែលភ្ញៀវទេសចរណ៍កំពុងមានការឆ្លងកាត់ ធ្វើឲ្យម្នាក់មានការជ្រួលច្រាលរន្ធត់អារម្មណ៍ជាខ្លាំង ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ។
ប្រព័ន្ធផ្សព្វផ្សាយនានារាយការណ៍ថា ស្ពានកញ្ចក់ដែលមានឈ្មោះថា Yuntaishan ស្ថិតនៅភាគកណ្តាល នៃខេត្ត Henan ប្រទេសចិនដែលទើបសម្ពោធបើកឲ្យប្រើប្រាស់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ហើយបានទាក់ទាញ់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានយ៉ាងច្រើនកុះករនោះ នៅពេលនេះស្រាប់តែមានការប្រេះស្រាំ ធ្វើឲ្យភ្ញៀវទេសចរណ៍ដែលកំពុងធ្វើដំណើរឆ្លងកាត់ និងទស្សនានៅទីនោះម្នាក់ៗមានការស្លុតអារម្មណ៍ជាខ្លាំង ដោយសារកង្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួន ។
ស្ពានកញ្ចក់ Yuntaishan នេះ សាងសង់ឡើងតាមទម្រង់អក្សរ U មានប្រវែង៦៨ម៉ែត្រ ប៉ុន្តែគេអាចមើលឃើញភ្នំដែលមានកម្ពស់រាប់ពាន់ម៉ែត្រនៅពេលគេបានឆ្លងកាត់តាមរយៈស្ពានកញ្ចក់មួយនេះ ។ ស្ពានកញ្ចក់នេះ មានសមត្ថភាពផ្ទុកទម្ងន់បាន៨០០កីឡូក្រាមក្នុងមួយម៉ែត្របួនជ្រុង ។ អ្នកទេសចរណ៍ជនជាតិចិនម្នាក់បានបញ្ជាក់ឲ្យដឹងនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Sina Weibo ថា គេបានឮសូរក្គាំងនៅពីក្រោមស្ពានកញ្ចក់នេះ ។ នៅពេលនោះ គ្រប់គ្នាដែលឆ្លងកាត់នៅទីនោះមានការភិតភ័យយ៉ាងខ្លាំង ។ អ្នកខ្លះភ័យខ្លាចរហូតដល់ទួញយំផងដែរ ដោយសារតែការភ័យខ្លាចនេះ ។
បុគ្គលិកបម្រើការនៅរមណីយដ្ឋាន Yuntaishan ខាងលើបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន People’s Daily របស់ចិនថា ស្ពានកញ្ចក់នេះពិតជាមានការបែកបាក់ពិតប្រាកដមែន ហើយក៏មានការផ្អាកមិនឲ្យមានអ្នកដំណើរឆ្លងកាត់ផងដែរ អំឡុងពេលដែលមានការប្រេះស្រាំស្ពានកញ្ចក់នេះ។ ក្រុមអ្នកទេសចរណ៍ត្រូវបានជម្លៀសភ្លាមៗចេញទីកន្លែងនេះទៅរកទីសុវត្ថិភាព ។ ប្រភពបន្តថា មូលហេតុប្រេះស្រាំទាំងនេះកើតឡើងដោយសារមានកម្តៅខ្លាំង ហើយអ្នកដំណើរឆ្លងកាត់ទីនោះធ្វើឲ្យមានផ្ទាំងកញ្ចក់១មានបញ្ហា ទើបបង្កឲ្យហេតុការណ៍នេះកើតឡើង ៕
ប្រែសម្រួល៖ ថាច់ យ៉ាត
ប្រភព៖ Chinanews