ខេត្តកណ្តាល៖ មុខសញ្ញារក្សាទុកនូវសារធាតុញៀនដើម្បីចែកចាយដោយខុសច្បាប់ចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំឆ្មក់បង្ក្រាបឃាត់ខ្លួន ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៧កញ្ចប់ , រថយន្ត០១គ្រឿង , ម៉ូតូ០១គ្រឿង , ទូរស័ព្ទដៃ៤គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនមុខសញ្ញារក្សាទុកនូវសារធាតុញៀនខុសច្បាប់ធ្វើឡើង កាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចវត្តទួលសង្កែ ស្ថិតក្នុងភូមិតាឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា មុខសញ្ញាទាំង៤នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទី១-ឈ្មោះ អាន សំណាង ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ទី២-ឈ្មោះ ចាន់ ភក្ត្រ័ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានដឹកគ្រឿងសំណង់ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំឈើខ្មៅ ស្រុកកោះធំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ទី៣-ឈ្មោះ ខា វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅក្នុងភូមិព្រែកភូមិ ឃុំជ្រោយតាកែវ ស្រុកកោះធំ និងទី៤-ឈ្មោះ ឈាង ឈុន ហៅឈុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្នុងភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា វត្ថុតាងដែលរឹបអូសបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៧កញ្ចប់តូច ,រថយន្ត០១គ្រឿងម៉ាកអ៊ីស៊ុយហ្ស៊ុយ ពណ៌ខៀវ ចំណុះ១.៥តោន ពាក់ស្លាកលេខភ្នំពេញ 2I-9149 ,ម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ ,ទូរស័ព្ទដៃ៤គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
លោកអធិការបានបន្តទៀតថា ជនសង្ស័យទាំង៤នាក់ខាងលើនេះជាមុខសញ្ញារក្សាទុកនូវសារធាតុញៀន ដើម្បីចែកចាយនិងប្រើប្រាស់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលកំណត់-តាមដានជាយូណាស់មកហើយ ។ លុះមកដល់រសៀលថ្ងៃកើតហេតុកម្លាំងនគរបាលទទួលបានព័ត៌មានថា ជនសង្ស័យកំពុងរៀបចំធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅចំណុចវត្តទួលសង្កែ ទើបលោកដឹកនាំកម្លាំងនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ចុះទៅឆ្មក់បង្ក្រាប ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតវត្ថុតាងជាក់ស្តែងជាបន្តបន្ទាប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ