ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នងស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ខាងក្រោយក្រសួងបរិស្ថាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ត្រូវបានទទួលរងនូវគ្រោះអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ ។
បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា ផ្ទះឈើទាំង៣ខ្នងលើថ្មក្រោមប្រក់សង្ក័សី គឺត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្នែកខាងមុន ទើបឆ្លងរាលដាលមកដល់ជាន់ខាងក្រោម ក៏បានធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាជញ្ជូនអីវ៉ាត់ចេញពីផ្ទះបានមួយ។ ហេតុការណ៍អគ្គីភ័យខាងលើនេះគេឃើញមានវត្តមានរបស់លោក ជួនសុវណ្ណ ស្នងនគរបាលរាជធានីភ្នំពេញចុះទៅជួយធ្វើការអន្តរាគមន៍រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ ។
តាមការសន្និដ្ឋានជំហានដំបូង ករណីគ្រោះអគ្គីភ័យនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង បង្កជាអណ្តាតភ្លើងឆេះឆាបបែបនេះតែម្តង ។ ក្នុងការជួយអន្តរាគមន៏សង្គ្រោះអគ្គីភ័យខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប២៨គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមានចំនួន២៤គ្រឿង រថយន្តសាបៀរកម្ពុជាចំនួន១គ្រឿងនិងរថយន្តរបស់កោះពេជ្រចំនួន៣គ្រឿង ទើបរលត់អស់ទាំងស្រុងនៅវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រថ្ងៃដដែល ៕
ដោយ៖ សរ រស្មី