ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ប្រសិនបើពុំមានការអនុគ្រោះលក្ខខ័ណ្ឌមួយចំនួន ពីសំណាក់ក្រសួងហាជ្ជីរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទេនោះ បងប្អូនខ្មែរមុស្លិមទាំងអស់ ក៏មិនអាចអញ្ជើញទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី នៅក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះបានដែរ លើកលែងតែគណៈ ប្រតិភូមុស្លិមកម្ពុជាចំនួន ២០នាក់ ដែលឧបត្ថម្ភដោយព្រះ មហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតតែប៉ុណ្ណោះ។
ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានលោក អូស្មាន ហាស្សាន់ ទម្លាយប្រាប់ក្នុងឱកាសដែលលោក និង ភរិយា បានអញ្ជើញជាកិត្តិយស ជូនដំណើរបងប្អូនមុស្លិម ចំនួន ១០៣ នាក់ ទៅប្រតិបត្តិបុណ្យហាជ្ជ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ ដែលជាក្រុមចុងក្រោយ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដោយ សារឆ្នាំនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត បានដាក់ចេញនូវលក្ខខណ្ឌជាច្រើន តម្រូវឲ្យក្រុមហ៊ុននាំហាជ្ជីទាំងអស់ទូទាំងពិភពលោកត្រូវរឹតត្បឹតបំពេញ ។ ក្នុងនោះ មានលក្ខខណ្ឌចំនួនមួយ ដែលក្រុមហ៊ុននាំហាជ្ជីនៅព្រះរាជា ណាចក្រកម្ពុជា មិនបានបំពេញគឺ មិនមានឈ្មោះជាសមាជិករបស់ សមាគមដឹកជញ្ជូនអន្តរជាតិ ហៅកាត់ថាអៃតា (AITA) ដែលក្នុងករណីនេះ ក្រសួងហាជ្ជីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត មិនអាចចេញ VISA ជូនបាន ហើយក្រុមហ៊ុននាំហាជ្ជី ក៏មិនអាចបង់កាតព្វកិច្ចផ្សេងៗ ដូចជាការកក់កន្លែងស្នាក់នៅ ដឹកជញ្ជូន ម្ហូបអាហារ និង ផ្សេងៗបានឡើយ។
លោកបានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យ លោក រួមនឹងមន្ត្រីពាក់ព័ន្ធនានា ខិតខំឲ្យអស់លទ្ធភាពធ្វើយ៉ាងណាដោះស្រាយបញ្ហានេះឲ្យខាងតែបាន។ ព្រោះថា ប្រសិនបើបងប្អូនយើង ខកខានមិនអាចទៅចូលរួមបុណ្យហាជ្ជទេនោះ នឹងខាតបង់ធំមិនខាន ដោយសារ បងប្អូនយើងមិនបានទៅចូលរួមបំពេញកាតព្វកិច្ចទី៥ របស់សាសនាឥស្លាម ហើយមួយវិញទៀត នឹងខាតបង់ថវិកា មួយចំនួនធំ ដោយសារយើងបានទិញសំបុត្រយន្តហោះ ក៏ដូចជាបានទិញរបស់របររួច បូករួមនឹងការចំណាយផ្សេងៗផងដែរ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យ៉ាងណា ក៏ដោយ ដោយសារការខិតខំប្រឹងប្រែងធ្វើការទំនាក់ទំនងទាំងយប់ទាំងថ្ងៃ ទើបក្រសួងហាជ្ជីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចអនុគ្រោះនូវលក្ខខណ្ឌនេះ ឲ្យកម្ពុជាយើង បានចូលរួម ។
ជាមួយគ្នានេះ លោក អូស្មាន ហាស្សាន់ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំឥស្លាមកម្ពុជា ក៏បានថ្លែងអំណរគុណ បំផុតចំពោះ រាជរដ្ឋាភិបាលនៃព្រះ រាជា ណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក្រសួងហាជ្ជីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលបានលើកលែងលក្ខខណ្ឌដ៏ធំនេះ ធ្វើឲ្យបងប្អូនយើងអាចអញ្ជើញទៅទាំងអស់គ្នា បានតាមកាលកំណត់ ចំនួន ៧៨២នាក់ ទៅ៩៨៤នាក់ ។
លោកក៏បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម រួមនឹងមន្ត្រីស្ថានទូត ដែល បានខិតខំធ្វើការទាំងថ្ងៃទាំងយប់ ទាំងថ្ងៃសៅរ៍ និង ថ្ងៃអា ទិត្យ ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ។
លោក អូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើ និងការជូនពរ ដល់បណ្តាអ្នក ដែលអញ្ជើញ ទៅបំពេញកាតព្វកិច្ច បុណ្យ ហាជ្ជទាំងអស់ ទាំងអ្នកដែលបាន ចេញដំណើរលើកទី១ ទី២ និងលើកទី៣ ថ្ងៃនេះ សូមប្រកបដោយ សេចក្តីសុខសុវត្ថិ ភាព និងការបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។ ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា លោក ក៏សូមអរគុណបំផុត ដល់ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជា រាល់ សប្បុរសជនម្ចាស់ជំនួយ ដែលបានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋឥស្លាមកម្ពុជា មានឱកាសទៅបំពេញ កាតតព្វកិច្ចបុណ្យហាជ្ជ ជារៀងរាល់ឆ្នាំ សង្ឃឹមថាគុណបំណាច់ទាំងនេះ នឹងទទួលបាន មកវិញនូវការ ប្រោសប្រទានប្រសិទ្ធិពរជ័យ ជូនដល់សប្បុរសជន និងប្រទេស ម្ចាស់ជំនួយខាងលើជាមិនខាន។
សូមបញ្ជាក់ថា៖ ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ ៤លានអ្នក អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំនេះ មានបងប្អូនខ្មែរឥស្លាមចំនួន ៦៤៧ នាក់ បានអញ្ជើញទៅចូលរួម ដែលក្នុងនោះ ២០នាក់ ទទួលបានការឧបត្ថម្ភពីព្រះចៅសាល់ម៉ាន ពិនអាប់ឌុលអាហ្ស៊ីស អាឡាស៊ូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត, 0៥ នាក់ ទទួលបានការឧបត្ថម្ភពីសមាគមសប្បុរសធម៌ឌូបៃ នៃប្រទេសអារ៉ាប់រួម អេមីរ៉ាត តាមរយៈ សមាគមគ្រូពេទ្យឥស្លាមកម្ពុជា, 0៥ នាក់ ទទួលបានការ ឧបត្ថម្ភពីអង្គការអន្តរជាតិមួយរបស់ប្រទេសម៉ាឡេស៊ី និង បងប្អូនខ្មែរឥស្លាមនៅខេត្តពោធិ៍សាត់ ចំនួន 0២ នាក់ទៀត ឧបត្ថម្ភដោយ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គីសនីកម្ពុជា។
ដោយឡែក 0២ នាក់ផ្សេងទៀត អវត្តមានមិនបានអញ្ជើញទៅដោយសារបញ្ហាសុខភាព។ នៅឆ្នាំ២០១៧នេះ ពិធីបុណ្យ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហា រយៈពេលមួយសប្តាហ៍។ សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុ ណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់ពួកគេដែរ ៕ សំរិត