ប៉ោយប៉ែត៖ រដូវបុណ្យភ្ជុំបិណ្ឌជា បុណ្យប្រពៃណីជាតិខ្មែរដែលប្រជាពល រដ្ឋទាំងអស់ត្រូវឈប់សម្រាកហើយធ្វើ ដំណើរទៅស្រុកកំណើតដើម្បីជួបជុំបង ប្អូន និងធ្វើបុណ្យទាននៅតាមបណ្ដា វត្ដនានា ។ ជារៀងរាល់ឆ្នាំមិនថាតែប្រជា ពលរដ្ឋដែលរស់នៅនិងធ្វើការក្នុងប្រទេសនោះទេ សូម្បីតែពលករមួយចំនួនដែល បានចាកចេញពីប្រទេសទៅធ្វើការនៅ ប្រទេសក្រៅមានប្រទេសថៃជាដើមក៏ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដើម្បីមកលេងស្រុកកំណើតដែរដែលគេតែងសង្កេតឃើញមានមនុស្សម្នាជាច្រើន កុះករចាកចេញពីរាជធានីភ្នំពេញធ្វើ ដំណើរតាមដងវិថី និងពលករធ្វើការនៅ ក្រៅប្រទេសនាំគ្នាចូលមកមាតុប្រទេសវិញតាមច្រកព្រំដែននានាទៅកាន់ស្រុកកំណើត ។
តាមរបាយការណ៍របស់នគរបាលអន្ដោប្រវេសន៍ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បង្ហាញថា ចំនួនពលករខ្មែរដែលទៅធ្វើ ការនៅប្រទេសថៃស្របច្បាប់ហើយវិលត្រឡប់មកលេងស្រុកកំណើតវិញតាម ច្រកទ្វារនេះក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានប្រមាណជា៣០០នាក់ ក្នុងមួយថ្ងៃ គឺថយចុះច្រើន បើធៀបនឹងឆ្នាំកន្លង ទៅដែលចំនួនពលករមានប្រមាណពី ៥០០នាក់ទៅ៦០០នាក់ក្នុងមួយថ្ងៃ ។
នាយប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍ ប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែតខេត្ដ បន្ទាយមានជ័យ លោក ស៊ឹម សំអាត មានប្រសាសន៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ថា ចំនួនពលករខ្មែរដែលធ្វើ ការនៅប្រទេសថៃ ហើយវិលត្រឡប់ មកលេងស្រុកកំណើតក្នុងរដូវបុណ្យភ្ជុំ បិណ្ឌដែលធ្វើដំណើរតាមច្រកទ្វារអន្ដរ ជាតិប៉ោយប៉ែតឆ្នាំនេះមានការថយចុះ ជាខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុនៗ ។ លោកថា មូលហេតុដែលចំនួនពលករ ត្រឡប់មកលេងស្រុកកំណើតថយចុះនេះ ដោយសារតែចំនួនពលករដែលទៅធ្វើ ការនៅប្រទេសថៃមានការថយចុះច្រើនជាងឆ្នាំមុនៗពីព្រោះកម្លាំងពលកម្មនៅក្នុងស្រុកមានតម្លៃឈ្នួលខ្ពស់ទើបធ្វើឱ្យ ពលករមួយចំនួនងាកមករកការងារធ្វើ នៅក្នុងប្រទេសវិញ ។
ទោះជាយ៉ាងនេះក្ដីមន្ដ្រីសម្របសម្រួល នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ដបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ពលករ ខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃ ពុំមានការថយចុះនោះទេ ។ លោកកត់ សម្គាល់ថា មូលហេតុដែលពលករវិល ត្រឡប់មកលេងស្រុកតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែតមានការថយចុះនេះ ដោយសារពួកគេជួបឧបសគ្គច្រើនក្នុង ការធ្វើដំណើរតាមច្រកនេះ ។
លោកអះអាងថា ពលករធ្វើដំណើរ តាមច្រកប៉ោយប៉ែត ជួបការលំបាក ដោយត្រូវចំណាយអស់ថវិកាច្រើន ។ អ្នកធ្វើដំណើរចេញចូលច្រើននាំឱ្យចំណាយពេលវេលាយូរនិងសំបុត្ររថយន្ដឈ្នួល នៅប៉ោយប៉ែតត្រូវបានគេដំឡើងថ្លៃខ្ពស់ជាដើមដែលហាក់មានអ្នកប៉ាវផ្ដាច់មុខនូវតម្លៃសំបុត្រដែលតែងតែបង្ខំឱ្យក្រុមពលករធ្វើដំណើរតាមរថយន្ដរបស់ខ្លួន ។
រីឯអ្នករត់តាក់ស៊ីពីក្រុងប៉ោយប៉ែត ទៅខេត្ដបាត់ដំបង គឺលោក គុយ សុទ្ធា ក៏បានថ្លែងដែរថា មូលហេតុដែលនាំឱ្យ មានការថយចុះនេះ ព្រោះពួកគាត់នាំ គ្នាទៅចូលតាមច្រកទ្វារអន្ដរជាតិដូងក្នុង ស្រុកកំរៀង ខេត្ដបាត់ដំបង និងច្រក ទ្វារអន្ដរជាតិព្រំ ខេត្ដប៉ៃលិនវិញ ដោយ អ្នកនាំពលករពីទឹកដីថៃចូលមកខ្មែរនៅ ច្រកប៉ោយប៉ែតតែងតែជំរិតទារប្រាក់ពីពួកគាត់ច្រើនហួសហេតុខុសពីតម្លៃដែលបានឯកភាពគ្នាជាមួយពលករនៅក្នុង ទឹកដីថៃ ៕
ដោយ៖ វិបុល