ខេត្ដប៉ៃលិន៖ អ្នកម៉ៅការចំណត រថយន្ដផ្សារព្រំជិតនឹងច្រកទ្វារអន្ដរជាតិ ព្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅត្រូវបានប្រជាពលរដ្ឋរិះគន់ចំៗថា បានយកផ្លូវសាធារណៈមកធ្វើជាចំណត រថយន្ដហើយយកតម្លៃលើសសៀវភៅ បន្ទុក និងបង្កភាពអនាធិបតេយ្យ ។
ប្រជាពលរដ្ឋបាននិយាយថា ផ្លូវ សាធារណៈត្រូវបានក្រុមអ្នករត់តាក់ស៊ីយករថយន្ដមកចត ហើយថែមទាំងរត់ ចាប់ម៉ូយយ៉ាងអនាធិបតេយ្យបង្កជាការកកស្ទះចរាចរណ៍ និងពេលខ្លះកើតមាន គ្រោះថ្នាក់ចរាចរណ៍ទៀតផង ជាពិសេសគឺ នៅរដូវបុណ្យទានម្ដងៗ ។
អ្នករត់តាក់ស៊ីម្នាក់បានឱ្យដឹងថា ការ ចតរថយន្ដនៅលើផ្លូវសាធារណៈនេះ គឺ ដោយសារតែគ្មានកន្លែងចត ព្រោះថា កន្លែងដែលគាត់ធ្លាប់ចតពីមុនមកគេ បានយកទៅសង់តូបលក់ដូរអស់ទៅហើយ ដូចនេះមានតែចតនៅលើផ្លូវតែម្ដង ដោយគាត់បានបង់ឱ្យខាងបេនក្នុងរថ យន្ដ១គ្រឿងតម្លៃ១ម៉ឺនរៀល ។
ចំពោះការរិះគន់នេះលោកស្រី ជិន សានឿត អ្នកគ្រប់គ្រងចំណតរថយន្ដ ផ្សារព្រំបានមានប្រសាសន៍ថា គាត់មាន ច្បាប់ពីអាជ្ញាធរខេត្ដឱ្យប្រកបអាជីវកម្មនៅលើចិញ្ចើមផ្លូវជាប់នឹងផ្សារព្រំ តែ ដោយសារតែកន្លែងនោះត្រូវបានខាង ផ្សារយកទៅសាងសង់តូបអស់ ដូច្នេះ ទើបបានជាគ្មានកន្លែងចតរថយន្ដ និង ត្រូវឱ្យរថយន្ដមកចតនៅលើផ្លូវ ។ ទោះ ជាយ៉ាងណាក៏ដោយ លោកស្រីថា នឹង សាកសួរអាជ្ញាធរដើម្បីឱ្យដោះស្រាយរកចំណតរថយន្ដថ្មីឱ្យមានសណ្ដាប់ធ្នាប់ល្អ ។
លោក សំ សារ៉េត អភិបាលស្រុក សាលាក្រៅបានមានប្រសាសន៍ថា ករណី នេះលោកនឹងដោះស្រាយក្រោយពេល បុណ្យភ្ជុំរួច ដោយរកកន្លែងចំណតថ្មី តែ បើសិនជារកមិនបានក៏លោកនឹងរៀបចំឱ្យមានការចតឱ្យមានសណ្ដាប់ធ្នាប់ជាងមុនដែរ៕
ដោយ៖ ហេង នរិន្ទ្រ