ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ដែលធ្វើសកម្មក្នុងការឆក់ លួច និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្រុងបានលុង ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពុំបានសម្រេច។
បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ឡាបានសៀក សហការជាមួយកម្លាំងប្រជាការពារភូមិបានចុះទៅដល់កន្លែងកើតហេតុនៅត្រង់ចំណុចផ្លូវកែងចូលហាងការ៉ាអូខេយីហោ988 ស្ថិតនៅក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
កាលពីវេលាម៉ោង១៩ និង០០នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះបាក់ សីហា ហៅស៊ើង ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង និងមានមុខរបរកម្មករសំណង់។ ដកហូតបានម៉ូតូម៉ាក ស៊ីរ៉ូស ពណ៌ខ្មៅ តែមស លាយក្រហមពុំមានស្លាកលេខចំនួន១គ្រឿង ដែលជនសង្ស័យជិៈធ្វើសកម្មភាព។
បើយោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀក ស្តីពីការឃាត់ខ្លួនជនសង្ស័យ០១មុខសញ្ញាដែលបានប្រព្រឹត្តិនៅករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ ដែលមានចំនួនពីរលើកក្នុងពេលតែមួយ៖ លើទី០១ ស្ថិតនៅក្នុងភូមិជ័យជំនៈ សង្កាត់ឡបានសៀក ក្រុងបានលុង ខេត្តរតនគិរី វេលាម៉ោង១៨និង២០នាទី នៅចំណុចទល់មុខមណ្ឌលសុខភាពក្រុងបានលុង។ ជនរងគ្រោះមានឈ្មោះវ៉ែន សុខាវ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់។ លើកទី២ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង វេលាម៉ោង១៨និង៣០នាទីត្រង់ចំណុចមុខបុប្ផាជាយដែន។ ជនរងគ្រោះមានឈ្មោះ ប៊ុត ស្រីណុច ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀក ធ្វើការបង្ក្រាបបានភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ឡាបានសៀកបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ៖ អ៊ុច សាវុទ្ធ