គម្រោងមូលនិធិ៣ឃុំក្នុងស្រុកបាធាយ មានការបោះលុយទឹកតែ១៥ភាគរយ និងគម្រោង២ឃុំទៀតត្រូវឆាចោល ដោយឡែកគម្រោង៤ឃុំក្នុងស្រុកកំពង់សៀមដេញថ្លៃដោយភាពសុក្រិត  យុត្តិធម៌

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ការដេញថ្លៃផ្លូវចំនួន៣គម្រោងក្នុងស្រុកបាធាយ និង៤គម្រោងទៀតនៅក្នុង​ស្រុក​កំពង់​សៀម ខេត្តកំពង់ចាម ត្រូវបានគេដាក់ការសង្ស័យថា មានការបោះលុយទឹកតែ ចំនួន១៦ភាគរយ​លើគម្រោងរបស់​ឃុំបាធាយ និង២គម្រោងទៀតក្នុងស្រុកបាធាយ ត្រូវបានប្រកាសឆាចោល ដោយមិនគ្រប់លក្ខខ័ណ្ឌ ព្រោះពុំ​មាន​អ្នកកក់ប្រាក់ ពោលគឺមានតែអ្នកចាំទទួលយកលុយទឹកតែប៉ុណ្ណោះ ។

គ្រោងទាំងអស់ខាងលើនេះ គឺជាមូលនិធិឃុំ-សង្កាត់ របស់គណៈកម្មការជាតិ​សម្រាប់យកមកអភិវឌ្ឍន៍​ ស្របទៅ​តាមលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការជួសជុល ក៏ដូចជាសាង​សង់ផ្លូវនៅតាមមូលដ្ឋាន​ដែលបាន ដាក់ឲ្យដេញថ្លៃផ្លូវចំនួន៣គម្រោង ក្នុងស្រុកបាធាយ និង៤គម្រោងក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ។

ដោយឡែកគម្រោងទាំង៤ឃុំក្នុងស្រុកកំពង់សៀម ត្រូវបានធ្វើការដេញថ្លៃដោយមានភាព​សុក្រិត យុត្តិធម៌ ព្រោះ ការចរចារត្រូវរ៉ូវគ្នា គ្មានអ្នកចាំទារយកលុយទឹកតែខ្ពស់កប់ពពកនោះឡើយ ។

គម្រោងទាំង៣ឃុំក្នុងស្រុកបាធាយ ដែលត្រូវបានធ្វើការដេញថ្លៃ ធ្វើឡើងនៅសាលាបឋមសិក្សា​ជាលា ស្ថិតនៅ​ក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម រួមមាន ៖ គម្រោងរបស់ឃុំបាធាយ​១គម្រោង មានការសាងសង់​ផ្លូវបេតុងអារមេ១ខ្សែ ប្រវែង០.២០គីឡូម៉ែត្រ ចំណាយទឹកប្រាក់​ប្រមាណ៨០,៨១៤,៣៦១រៀល  បានទៅលើ​ក្រុម​ហ៊ុនចេង ពៅ ក្នុងតម្លៃ៧៨,៨០០,០០០រៀល ។ ចំពោះដាក់សំណើបង្គ្រប់ការមានតែ៣នាក់ប៉ុណ្ណោះ ដោយ​ពួកគេបានខ្សឹបខ្សៀវចរចាតម្លៃ​គ្នា​​រួចជាស្រេចនៅមុនពេលដេញថ្លៃ ដើម្បីទាញយកប្រាក់ពីគម្រោងលុយ​ជាតិយក​ចែកគ្នា ។ ក្នុងនោះ៥ភាគរយបានលើគណៈកម្មការម្ចាស់លទ្ធកម្ម និង១០ភាគរយបានលើក្រុម​ហ៊ុនយកលុយ​ទឹកតែ ។

លោក ស្រៀង ឃាង មេឃុំបាធាយ និងជាប្រធានគណៈកម្មការម្ចាស់លទ្ធកម្ម បានលើកឡើង​ថា ប្រសិនបើ លោករកឃើញហេតុផលច្បាស់លាស់នៃការឃុបឃិតគ្នានេះ លោកនឹងធ្វើការ​បដិសេធចោលទុកជាមោឃៈ ដោយទុកប្រកាសដាក់ដេញថ្លៃនៅពេលក្រោយទៀត ។

ចំណែកគម្រោង២ឃុំទៀត នៅក្នុងស្រុកបាធាយនេះដែរ ត្រូវបានប្រកាសឆាចោលដោយមិន​គ្រប់លក្ខខណ្ឌ ព្រោះម្ចាស់ក្រុមហ៊ុនដែលបានមកកន្លែងដេញផ្លៃ មិនមែនសុទ្ធតែអ្នកមកដាក់​សំណើដេញថ្លៃនោះទេ ។ អ្នកខ្លះ​គ្រាន់​តែ​មកអង្គុយចាំយកលុយទឹកតែ ដោយពុំបានដាក់ប្រាក់កក់​ចូលធនាគារ ​ដើម្បីធ្វើការដេញថ្លៃនោះឡើយ និងខ្លះទៀតបានកក់ប្រាក់ដែរ តែកក់ដើម្បីមកកំញើញទារលុយទឹកតែច្រើនៗទៀត ។

និងដោយឡែកគម្រោងចំនួន៤ឃុំទៀត នៅក្នុងស្រុកកំពង់សៀម ដែលកំពុងធ្វើការដាក់ដេញ​ថ្លៃ នៅសាលាអនុ​វិទ្យា​ល័យវិហារធំ ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានធ្វើការដេញថ្លៃដោយមាន​ភាពសុក្រិត យុត្តិធម៌ត្រឹមត្រូវ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print