ខេត្តកំពង់ចាម ៖ ការដេញថ្លៃផ្លូវចំនួន៣គម្រោងក្នុងស្រុកបាធាយ និង៤គម្រោងទៀតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានគេដាក់ការសង្ស័យថា មានការបោះលុយទឹកតែ ចំនួន១៦ភាគរយលើគម្រោងរបស់ឃុំបាធាយ និង២គម្រោងទៀតក្នុងស្រុកបាធាយ ត្រូវបានប្រកាសឆាចោល ដោយមិនគ្រប់លក្ខខ័ណ្ឌ ព្រោះពុំមានអ្នកកក់ប្រាក់ ពោលគឺមានតែអ្នកចាំទទួលយកលុយទឹកតែប៉ុណ្ណោះ ។
គ្រោងទាំងអស់ខាងលើនេះ គឺជាមូលនិធិឃុំ-សង្កាត់ របស់គណៈកម្មការជាតិសម្រាប់យកមកអភិវឌ្ឍន៍ ស្របទៅតាមលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការជួសជុល ក៏ដូចជាសាងសង់ផ្លូវនៅតាមមូលដ្ឋានដែលបាន ដាក់ឲ្យដេញថ្លៃផ្លូវចំនួន៣គម្រោង ក្នុងស្រុកបាធាយ និង៤គម្រោងក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ។
ដោយឡែកគម្រោងទាំង៤ឃុំក្នុងស្រុកកំពង់សៀម ត្រូវបានធ្វើការដេញថ្លៃដោយមានភាពសុក្រិត យុត្តិធម៌ ព្រោះ ការចរចារត្រូវរ៉ូវគ្នា គ្មានអ្នកចាំទារយកលុយទឹកតែខ្ពស់កប់ពពកនោះឡើយ ។
គម្រោងទាំង៣ឃុំក្នុងស្រុកបាធាយ ដែលត្រូវបានធ្វើការដេញថ្លៃ ធ្វើឡើងនៅសាលាបឋមសិក្សាជាលា ស្ថិតនៅក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម រួមមាន ៖ គម្រោងរបស់ឃុំបាធាយ១គម្រោង មានការសាងសង់ផ្លូវបេតុងអារមេ១ខ្សែ ប្រវែង០.២០គីឡូម៉ែត្រ ចំណាយទឹកប្រាក់ប្រមាណ៨០,៨១៤,៣៦១រៀល បានទៅលើក្រុមហ៊ុនចេង ពៅ ក្នុងតម្លៃ៧៨,៨០០,០០០រៀល ។ ចំពោះដាក់សំណើបង្គ្រប់ការមានតែ៣នាក់ប៉ុណ្ណោះ ដោយពួកគេបានខ្សឹបខ្សៀវចរចាតម្លៃគ្នារួចជាស្រេចនៅមុនពេលដេញថ្លៃ ដើម្បីទាញយកប្រាក់ពីគម្រោងលុយជាតិយកចែកគ្នា ។ ក្នុងនោះ៥ភាគរយបានលើគណៈកម្មការម្ចាស់លទ្ធកម្ម និង១០ភាគរយបានលើក្រុមហ៊ុនយកលុយទឹកតែ ។
លោក ស្រៀង ឃាង មេឃុំបាធាយ និងជាប្រធានគណៈកម្មការម្ចាស់លទ្ធកម្ម បានលើកឡើងថា ប្រសិនបើ លោករកឃើញហេតុផលច្បាស់លាស់នៃការឃុបឃិតគ្នានេះ លោកនឹងធ្វើការបដិសេធចោលទុកជាមោឃៈ ដោយទុកប្រកាសដាក់ដេញថ្លៃនៅពេលក្រោយទៀត ។
ចំណែកគម្រោង២ឃុំទៀត នៅក្នុងស្រុកបាធាយនេះដែរ ត្រូវបានប្រកាសឆាចោលដោយមិនគ្រប់លក្ខខណ្ឌ ព្រោះម្ចាស់ក្រុមហ៊ុនដែលបានមកកន្លែងដេញផ្លៃ មិនមែនសុទ្ធតែអ្នកមកដាក់សំណើដេញថ្លៃនោះទេ ។ អ្នកខ្លះគ្រាន់តែមកអង្គុយចាំយកលុយទឹកតែ ដោយពុំបានដាក់ប្រាក់កក់ចូលធនាគារ ដើម្បីធ្វើការដេញថ្លៃនោះឡើយ និងខ្លះទៀតបានកក់ប្រាក់ដែរ តែកក់ដើម្បីមកកំញើញទារលុយទឹកតែច្រើនៗទៀត ។
និងដោយឡែកគម្រោងចំនួន៤ឃុំទៀត នៅក្នុងស្រុកកំពង់សៀម ដែលកំពុងធ្វើការដាក់ដេញថ្លៃ នៅសាលាអនុវិទ្យាល័យវិហារធំ ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានធ្វើការដេញថ្លៃដោយមានភាពសុក្រិត យុត្តិធម៌ត្រឹមត្រូវ ៕ វណ្ណៈ