ភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ លោកឯកអគ្គរដ្ឋទូតបារាំងបំពាក់គ្រឿងឥស្សរិយយសជាតូបការជូន លោក អាកណូ ដាក ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ។
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ លោកហ្សង់ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយជាតូបការថ្នាក់អស្សឫទ្ធិជូនដល់លោក អាកណូ ដាក (Arnaud DARC) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងជាប្រធានក្រុមហ៊ុន។ ពិធីនេះបានប្រព្រឹត្តទៅនៅស្ថានទូតបារាំងដោយមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងសហសេវិក មិត្តភក្តិ និងក្រុមគ្រួសាររបស់លោក អាកណូ ដាក ផងដែរ។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានរៀបរាប់ពីសកម្មភាពសំខាន់ៗរបស់លោក អាកណូ ដាក ចាប់តាំងពីពេលដែលលោកមកដល់កម្ពុជាកាលពីជាង២០ឆ្នាំមុន។ លោកបានរួមចំណែកយ៉ាងច្រើនក្នុងការលើកតម្កើងទេពកោសល្យបារាំងលើផ្នែកម្ហូបអាហារនិងសណ្ឋាគារ ព្រមទាំងចូលរួមក្នុងការបណ្តុះបណ្តាលបុគ្គលិកប្រកបដោយគុណភាពខ្ពស់។ ជាងនេះទៅទៀត លោកគឺជាបុគ្គលម្នាក់សកម្មក្នុងការលើកតម្កើងសិល្បៈចំណីអាហារបែបបារាំង និងជាអ្នកផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីផ្សព្វផ្សាយផលិតផលបារាំង។
ក្នុងនាមជាសមាជិកសកម្មនៃសហគមន៍ធុរកិច្ច លោកបានចូលរួមបង្កើតសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា ហើយបានក្លាយជាប្រធានស្ថាប័ននេះចាប់តាំងពីឆ្នាំ២០១៣។ លោកក៏ជាអនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាផងដែរ។ តាមរយ:ទេពកោសល្យរបស់ខ្លួនក្នុងផ្នែកធុរកិច្ច លោក អាកណូ ដាក បានជួយជ្រោមជ្រែងពាណិជ្ជករកម្ពុជាក្នុងការបង្កើតសមាគមពីរ គឺសមាគមសណ្ឋាគារកម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥មក លោកជាទីប្រឹក្សាពាណិជ្ជកម្មបារាំងក្រៅប្រទេស ។ ក្រៅពីនេះ លោកអាកណូ ដាក ក៏មានស្នាដៃលេចធ្លោផងដែរក្នុងការចូលរួមបម្រើពលរដ្ឋបារាំងនៅកម្ពុជា ជាពិសេសតាមរយ:សមាគម AEFC ។
សូមបញ្ជាក់ថាមេដាយជាតូបការត្រូវបានបង្កើតឡើងដោយលោកឧត្តមសេនីយ៍ដឺហ្គោល ក្នុងឆ្នាំ១៩៦៣ ដើម្បីបំពាក់ជូនឥស្សរជនបារាំង និងបរទេសទាំងឡាយណាដែលមានស្នាដៃលេចធ្លោសម្រាប់ប្រទេសបារាំង៕