​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

ចែករំលែក៖

​ភ្នំពេញ​៖ ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥ លោក​ឯកអគ្គរដ្ឋទូត​បារាំង​បំពាក់​គ្រឿង​ឥស្សរិយយស​ជា​តូប​ការ​ជូន​ លោក​ អាក​ណូ​ ដាក​ ប្រធាន​សភាពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា​ ។

IMG_2613

​កាលពី​ថ្ងៃ​ទី​៩​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​ហ្ស​ង់​­​ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​បំពាក់​គ្រឿង​ឥស្សរិយ​យ​ជា​តូប​ការ​ថ្នាក់​អស្សឫទ្ធិ​ជូន​ដល់​លោក​ អាក​ណូ​ ដាក​ (Arnaud​ DARC)​ ប្រធាន​សភាពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន​។​ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ស្ថានទូត​បារាំង​ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ព្រមទាំង​សហសេវិក​ មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​របស់​លោក​ អាក​ណូ​ ដាក​ ផង​ដែរ​។​

​នា​ឱកាស​នោះ​ លោក​ឯកអគ្គរដ្ឋទូត​បាន​រៀបរាប់​ពី​សកម្មភាព​សំខាន់ៗ​របស់​លោក​ អាក​ណូ​ ដាក​ ចាប់តាំងពី​ពេល​ដែល​លោក​មក​ដល់​កម្ពុជា​កាលពី​ជាង​២០​ឆ្នាំ​មុន​។​ លោក​បាន​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​លើកតម្កើង​ទេព​កោសល្យ​បារាំង​លើ​ផ្នែក​ម្ហូបអាហារ​និង​សណ្ឋាគារ​ ព្រមទាំង​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ប្រកបដោយ​គុណភាព​ខ្ពស់​។​ ជាង​នេះ​ទៅ​ទៀត​ លោក​គឺជា​បុគ្គល​ម្នាក់​សកម្ម​ក្នុង​ការ​លើកតម្កើង​សិល្បៈ​ចំណីអាហារ​បែប​បារាំង​ និង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​បារាំង​។​

​ក្នុង​នាម​ជា​សមាជិក​សកម្ម​នៃ​សហគមន៍​ធុរកិច្ច​ លោក​បាន​ចូលរួម​បង្កើត​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា​ ហើយ​បាន​ក្លាយជា​ប្រធាន​ស្ថាប័ន​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៣​។​ លោក​ក៏​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ផង​ដែរ​។​ តាម​រយ​:​ទេព​កោសល្យ​របស់​ខ្លួន​ក្នុង​ផ្នែក​ធុរកិច្ច​ លោក​ អាក​ណូ​ ដាក​ បាន​ជួយ​ជ្រោមជ្រែង​ពាណិជ្ជករ​កម្ពុជា​ក្នុង​ការ​បង្កើត​សមាគម​ពីរ​ គឺ​សមាគម​សណ្ឋាគារ​កម្ពុជា​ និង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​។​ ចាប់តាំងពី​ខែកក្កដា​ ឆ្នាំ​២០១៥​មក​ លោក​ជាទី​ប្រឹក្សា​ពាណិជ្ជកម្ម​បារាំង​ក្រៅប្រទេស​ ។​ ក្រៅពី​នេះ​ លោក​អាក​ណូ​ ដាក​ ក៏​មាន​ស្នាដៃ​លេចធ្លោ​ផង​ដែរ​ក្នុង​ការ​ចូលរួម​បម្រើ​ពលរដ្ឋ​បារាំង​នៅ​កម្ពុជា​ ជា​ពិសេស​តាម​រយ​:​សមាគម​ AEFC ​។​

​សូម​បញ្ជាក់​ថា​មេដាយ​ជា​តូប​ការ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍​ដឺ​ហ្គោ​ល​ ក្នុង​ឆ្នាំ​១៩៦៣​ ដើម្បី​បំពាក់​ជូន​ឥស្សរជន​បារាំង​ និង​បរទេស​ទាំងឡាយ​ណា​ដែល​មាន​ស្នាដៃ​លេចធ្លោ​សម្រាប់​ប្រទេស​បារាំង​៕

...

IMG_2629

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print