ភ្នំពេញ៖ ស្ដ្រីម្នាក់ មិនដឹងជាមានរឿងអ្វីនោះទេ បានព្យាយាមឡើងលើដើមអំពិលក្បែរផ្ទះរបស់គាត់ ប៉ុនប៉ងលោតសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អដែរ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ក៏ដូចជាសមត្ថកិច្ចជួយអន្តរាគមន៍នាំគ្នាជួយទាន់ពេលវេលា ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ នឹង ២០នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក មាន វណ្ណថុន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯកប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ស្ត្រីរងគ្រោះ និងក្រុមគ្រួសារ សាច់ញ្ញាតិ ព្រមទាំងអ្នកជិតខាងមានពិធីផឹកស៊ី ក្លែមសាច់ ដោយមានចាក់ធុងបាស់ រាំលេងកំសាន្តផងដែរ លុះយប់ជ្រៅបន្តិច ការផឹកស៊ី រាំរែកត្រូវបានបញ្ចប់ ហើយមនុស្សទាំងអស់ បានទៅរកកន្លែង សម្រាករៀងៗខ្លួន ។ ចំណែកស្ត្រីរងគ្រោះចាប់ពីពេលនោះមក មានអការៈខុសប្រក្រតី ហាក់ដូច ជាខ្មោចចូលអញ្ចឹង រហូតដល់វេលាម៉ោង ៩ នឹង២០នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ខណៈដែលកូន និងប្តី កំពុងតែរវល់កិច្ចការផ្សេងៗនៅក្នុងផ្ទះ ស្ត្រីរងគ្រោះបានស្ទុះងើបពីកន្លែងដេក រត់ឡើងទៅលើចុងដើមអំពិល ប៉ុនប៉ងលោតសម្លាប់ខ្លួន ។
លោក មាន វណ្ណថុន ប្រាប់បន្តឲ្យដឹងថា ភ្លាមនោះកូនរបស់គាត់បានឃើញ ក៏ព្យាយាមអង្វរម្តាយមិនឲ្យធ្វើដូច្នេះ តែម្តាយមិនព្រមស្តាប់សោះ ហើយដោយឃើញស្ថានភាពបែបនេះ កូនរបស់ស្ត្រីរងគ្រោះ ក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ កម្លាំងរបស់លោក ក៏ដូចជាកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌដង្កោ ចុះជួយអន្តរាគមន៍ រហូត ដាក់ជនរងគ្រោះដល់ដីវិញប្រគល់ឲ្យក្រុមគ្រួសារគ្រប់គ្រងបន្តទៀត។
លោកនាយប៉ុស្តិ៍ជើងឯកប្រាប់បន្តឲ្យដឹងថា ជាមួយគ្នានេះ អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារបានអញ្ជើញលោកតាអាចារ្យ និងព្រះសង្ឃ ដើម្បីសូត្រមន្ត ប្រោះព្រំ សូមសេចក្តីសុខ ជូនស្ត្រីខាងលើផងដែរ ។
សូមបញ្ជាក់ឲ្យដឹងថា ស្ដ្រីរងគ្រោះមានឈ្មោះ ឃឿន ចាន់នី អាយុ៣៧ឆ្នាំ មានមុខរបរលក់ដូរ រស់នៅកន្លែងកើតហេតុ មានប្តី និងមានកូន ៥នាក់នៅក្នុងបន្ទុក ៕
ដោយ៖ ភារ៉ា ដង្កោ