ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡាបានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីលោកគ្រូដូង សានេត ដែលបានដាក់ទណ្ឌកម្មលើសិស្សស្រីនោះ ពេលនេះក្រសួងបានដាក់ទណ្ឌកម្មលើ លោកគ្រូនោះចំនួន៣ចំណុច ។
យោង តាមសេចក្ដីប្រកាសជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹង ថា ករណីនេះក្រសួងអប់រំ យុវជន និង កីឡាសូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបដូចខាងក្រោមៈ
១-លោកគ្រូ ដូង សានេត ត្រូវបាន ស្ដីបន្ទោសជាលាយលក្ខណ៍អក្សរតាម រយៈលិខិតលេខ០៦១ អយក.បុ ចុះថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៥ ។
២-លោកគ្រូ ដូង សានេត ដែលជា គ្រូបង្រៀនថ្នាក់ទី២ “ក” នៅសាលាបឋម សិក្សាហ៊ុន សែន វត្ដថ្មី ត្រូវបានផ្លាស់ ដោយបង្ខំឱ្យទៅបំពេញការងារនៅការិ យាល័យអប់រំ យុវជន និងកីឡាស្រុករំដួល តាមរយៈលិខិតលេខ៣៣៩ អយក.លបក ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ។
៣-លោកគ្រូ ដូង សានេត ត្រូវបាន ដកភារកិច្ចឱ្យបំពេញការងាររដ្ឋបាល តូចតាចនៅការិយាល័យអប់រំ យុវជន និងកីឡាស្រុករំដួល តាមរយៈលិខិតលេខ ២២២ អយក.រដ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៥ ។
តាមរយៈទណ្ឌកម្មខាងវិន័យដែល លោកគ្រូ ដូង សានេត បានទទួលនេះគឺ ឆ្លើយតបទៅនឹងមាត្រា៤០ នៃច្បាប់ស្ដីពី សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលនៃព្រះ រាជាណាចក្រកម្ពុជារួចរាល់ហើយ ។ រីឯ ទណ្ឌកម្មតាមផ្លូវច្បាប់ផ្សេងទៀត គឺជា សមត្ថកិច្ចរបស់តុលាការដែលក្រសួង អប់រំ យុវជន និងកីឡាពុំមានសមត្ថកិច្ច ធ្វើអន្ដរាគមន៍ឡើយ ។
គួរបញ្ជាក់ថា លោកគ្រូ ដូង សានេត បង្រៀនថ្នាក់ទី២ សាលាបឋមសិក្សា ហ៊ុន សែន វត្ដថ្មី ស្ថិតនៅក្នុងភូមិតាបោង ឃុំសង្កែ ស្រុករំដួល ខេត្ដស្វាយរៀងរង ការចោទប្រកាន់ពីកុមារីដែលជាសិស្ស ក្នុងបន្ទុកថ្នាក់ថាបានបង្ខំឱ្យនាងឈរនៅ លើតុចំពោះមុខមិត្ដរួមថ្នាក់ហើយលោក គ្រូបានបញ្ជាឱ្យកុមារាម្នាក់មកសម្រាត សំពត់និងខោក្នុងនាងចេញ ។
ជីដូនកុមារីបានខិតខំស្វែងរកយុត្ដិធម៌ ឱ្យចៅស្រីរបស់ខ្លួនតាមរយៈអាជ្ញាធរ មូលដ្ឋានក៏ដូចជាសាលាដំបូងខេត្ដ ស្វាយរៀង ។ រហូតមកដល់ពេលនេះ សាលាដំបូងខេត្ដបានកោះហៅលោកគ្រូ ដូង សានេត ឱ្យទៅបំភ្លឺរួចម្ដងហើយ។ ជាមួយគ្នានេះក៏មានការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការដោយមានអ្នកទាក់ ទងចរចាជាមួយលោកយាយរ័ត្ន សារ៉ន ដែលជាជីដូនកុមារីរងគ្រោះជាថ្នូរនឹង ទឹកប្រាក់ប្រមាណ២ពាន់ដុល្លារ ។ ក៏ប៉ុន្ដែ លោកយាយមិនព្រម ។
គេមិនដឹងថា តើសាលាដំបូងខេត្ដ ស្វាយរៀងបន្ដនីតិវិធីករណីខាងលើនេះ យ៉ាងណាទៀតនោះទេ ។ សម្រាប់ក្រសួង អប់រំ យុវជន និងកីឡាបានដាក់ទណ្ឌកម្ម តាមរយៈសេចក្ដីប្រកាសរបស់ខ្លួន៣ ចំណុចនោះរួចហើយ ។ ដូច្នេះនៅសល់ តែបញ្ហាផ្លូវច្បាប់ដែលគ្រួសារកុមារីរង គ្រោះកំពុងរកយុត្ដិធម៌នៅឯសាលាដំបូង ខេត្ដស្វាយរៀងដែលមកដល់ពេលនេះ មិនទាន់ដឹងអំពីលទ្ធផលនៅឡើយ ។ ក្រសួងអប់រំប្រកាសថា បញ្ហាផ្លូវច្បាប់ គឺជាការសម្រេចរបស់សាលាដំបូងខេត្ដ ដែលក្រសួងមិនអាចលូកដៃបានឡើយ៕
ដោយ៖ ហេង សូរិយា