ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ឆ្នាំ២០១៧ នេះ ឃើញថាមានការកើនឡើងនេះបើប្រៀបធៀបនាឆ្នាំកន្លងមក។
របាយការណ៍ខាងលើបន្តថាក្នុងរយៈពេល ១៥ថ្ងៃគិតត្រឹមថ្ងៃទី០៦រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នេះ អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរួមមានចំនួន ២០លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ០៧នាក់(ស្រីចំនួន ០២នាក់) រងរបួស.សរុបចំនួន ៥២នាក់(ស្រីចំនួន ២១នាក់) របួសធ្ងន់ចំនួន ៣០នាក់(ស្រីចំនួន ១០នាក់) របួសស្រាលចំនួន ២២នាក់(ស្រីចំនួន ១១នាក់)។
របាយការណ៍ដដែលខាងលើបន្តទៀតថា បើប្រៀបធៀបឆ្នាំ២០១៦ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងចំនួន ៣០លើក/១៦លើក កើនឡើងចំនួន ០៤លើក ស្មើរនឹងចំនួន ២៥% ស្លាប់មនុស្សចំនួន ០៧នាក់/០០នាក់ កើនឡើងចំនួន ០៧នាក់ របួសធ្ងន់ចំនួន ៣០នាក់/៣១នាក់ ថយចុះចំនួន ០១នាក់ ស្មើរនឹងចំនួន ១០%(ស្រីចំនួន ១០/១៣នាក់) របួសស្រាលចំនួន ២២នាក់/២៦នាក់ ថយចុះចំនួន ០៤នាក់ ស្មើរនឹងចំនួន ១៥.៣៨%(ស្រីចំនួន ១១/០៧នាក់)។
ក្នុងរបាយការណ៍ដដែលខាងលើបញ្ជាក់បន្តថា ការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅក្រុងពោធិ៍សាត់ចំនួន ០៤លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ០៣នាក់ របួសធ្ងន់ចំនួន ០៣នាក់ របួសស្រាលចំនួន ០៤នាក់។ នៅស្រុកបាកានចំនួន ០៦លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ០២នាក់ របួសធ្ងន់ចំនួន ១៣នាក់ របួសស្រាលចំនួន ០៦នាក់។ នៅស្រុកក្រគរចំនួន ០៤លើក បណ្ដាលឲ្យមានមនុស្សរបួសធ្ងន់ចំនួន ០៥នាក់ របួសស្រាលចំនួន ០៣នាក់។ នៅស្រុកភ្នំក្រវាញចំនួន ០២លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ០១នាក់ របួសធ្ងន់ចំនួន ០១នាក់ របួសស្រាលចំនួន ០២នាក់។ និងនៅស្រុកវាលវែងចំនួន ០៤លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ០១នាក់ របួសធ្ងន់ចំនួន ០៨នាក់ របួសស្រាលចំនួន ០៧នាក់។ ព្រមទាំងខូចខាតមធ្យោបាយធ្វើដំណើរមួយចំនួនរួមមាន.ម៉ូតូចំនួន ២៧គ្រឿង រថយន្តតូចចំនួន ០៥គ្រឿង និងរថយន្តធុនធំចំនួន ០១គ្រឿងផងដែរ។
របាយការណ៍ដដែលបញ្ជាក់បន្ថែមបន្តទៀតថា មូលហេតុ៖ បណ្ដាលមកពីការបើកបរប្រើប្រាសល្បឿនលឿនចំនួន ០៨ករណី មិនគោរពអាត្ថភាពចំនួន ០៣ករណី មិនប្រកាន់ស្ដាំចំនួន ០៣ករណី ប្រជែងចំនួន ០១ករណី បត់ឆ្វេងចំនួន ០២ករណី ឆ្លងផ្លូវចំនួន ០១ករណី និងក្រោមឥទ្ធិពលគ្រឿងស្រវឹងចំនួន ០២ករណី៕ បឹុម ពិន