កណ្ដាលៈ ក្មេងទំនើងមួយក្រុមជិះម៉ូតូដេញតាមវាយម៉ូតូ២គ្រឿងដូចក្នុងភាពយន្តហុងកុង បណ្ដាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតទទួលរងបួសធ្ងន់ ខណៈដែលជនរងគ្រោះជាអ្នកជិះម៉ូតូ២គ្រឿងនោះបានត្រឡប់មកពីមើលធុងបាស់ក្នុងវត្តមួយកន្លែង ។
ករណីហិង្សាបណ្ដាលឲ្យស្លាប់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២២និង៥១នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ មឿន រ៉ូហ្សា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល និងជនរងគ្រោះម្នាក់ទៀតទទួលរងរបួសធ្ងន់ឈ្មោះ ដួង វិផា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំស្វាយស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ វិច្ឆិកា ភេទប្រុស មានទីលំនៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម រីឯបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងបក្ខពួកប្រហែល១០នាក់បាននាំគ្នាជិះម៉ូតូចំនួន៥គ្រឿង ទៅមើលគេរាំធុងបាស់នៅវត្តបាធាយ លុះទៅដល់វត្តពុំមានអ្នកណារាំទេដោយធុងបាស់ត្រូវបានខូច ហើយជនរងគ្រោះនិងបក្ខពួកក៏នាំគ្នាអង្គុយលេងលើម៉ូតូបានមួយសន្ទះុក៏នាំគ្នាត្រឡប់មកវិញ រហូតមកដល់ចំណុចវត្តជើងឆ្នក ក៏បំបែកគ្នា ដោយម៉ូតូ៣គ្រឿងចូលក្នុងវត្ត ចំណែកម៉ូតូ២គ្រឿងរួមទាំងម៉ូតូជនរងគ្រោះនោះបានជិះត្រឡប់ទៅផ្ទះ លុះជិះមកដល់ចំណុចវត្តតាំងស្រែ ស្រាប់តែជនរងគ្រោះបានជួបបក្ខពួកជនសង្ស័យចំនួនប្រហែល៤០នាក់និងម៉ូតូប្រមាណជាង២០គ្រឿង ដែលឈប់នៅតាមចិញ្ចើមផ្លូវ ដោយជនរងគ្រោះមានការងឿងឆ្ងល់ស្មានតែមានករំណីគ្រោះថ្នាក់ចរាចរណ៍ ក៏ជិះម៉ូតូយឺតៗ ហើយមើលទៅក្រុមជនសង្ស័យ ភ្លាមនោះក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះ រហូតធ្វើឲ្យជនរងគ្រោះភ័យក៏ខំជិះម៉ូតូរត់មកដល់ចំណុចគីឡូម៉ែត្រលេខ៤១ ក្រុមជនសង្ស័យក៏ធាក់ជនរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យរេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រលេខ៤១ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង រីឯម្នាក់ទៀតទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វិច្ឆិកា បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរនិងចាត់ការតាមច្បាប់ ។ ចំពោះបក្ខពួកក្រុមជនសង្ស័យដែលគេចខ្លួនត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ