ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍នៅទួទាំងខេត្តកំពង់ស្ពឺក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី១៣ ខែតុលា បានកើតឡើងចំនួន១១លើក បណ្តាលអោយមនុស្ស៨នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល១៦នាក់ ។
គ្រោះថ្នាក់ចរាចរណ៏អំឡុងពេលភ្ជុំបុណ្យរយៈពេល៣ថ្ងៃដែលករណីទាំងនេះបណ្តាលមកពី ១. អ្នកបើកបរស្រវឹងស្រា ជិះម៉ូតូបុកគល់ឈើស្លាប់១នាក់ របួសធ្ងន់១នាក់, ២. ស្រវឹងស្រាវជិះម៉ូតូដួលខ្លួនឯង២លើក ស្លាប់២នាក់ របួស១នាក់, ៣. គ្រោះថ្នាក់ជិះម៉ូតូបុកគោយន្ត២លើក របួស៣នាក់, ៤.គោយន្តបុកម៉ូតូ១លើក របួសមនុស្ស២នាក់, ៥. រថយន្តបុកម៉ូតូ១លើក ស្លាប់មនុស្ស១នាក់, ៦. ម៉ូតូបុកម៉ូតូ១លើក របួសមនុសស្ស២នាក់, ៧. ម៉ូតូបុកមនុស្សដើរ របួសមនុស្ស៤នាក់, ៨ រថយន្តបុកមនុស្សដើរ ១លើក ស្លាប់មនុស្ស១នាក់, ៩. រថយន្តបុកគោយន្ត១លើក ស្លាប់៣នាក់ របួសធ្ងន់៣នាក់, ១០. រថយន្តបុករថយន្តខូចខាតស្រាលនិងអ្នកបើកបររងរបួសស្រាល, ១១. រថយន្តបុករ៉ឺម៉ក របួសមនុស្សធ្ងន់ ស្រាល ៣នាក់ ។
តាមការអោយដឹងពីមន្ត្រីចរាចរណ៍ខេត្តបានបញ្ជាក់ថា គ្រោះថ្នាក់ទាំងនេះបណ្តាលអោយខូចខាតរថយន្ត៥គ្រឿង ម៉ូតូ១០គ្រឿង គោយន្ត២គ្រឿង គ្រោះថ្នាក់ទាំងនេះ បណ្តាលមកពីកត្តា៣យ៉ាង គឺបើកបរហួសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង និងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។
គ្រោះថ្នាក់ទាំងនេះ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុ និងប្រមូលយកវត្ថុតាងមករក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកអ្នករងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត រីឯអ្នកស្លាប់ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សេនាស័ក្តិ