ខេត្តពោធិ៍សាត់៖ កម្លាំងនរគបាលស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ សហការជាមួយនរគបាលស្រុកវាល់វែង អាវុធហត្ថ ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារភូមិឃាត់ខ្លួនជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់៣នាក់ រួមទាំងកាំភ្លើងAKស្វ័យបត់មួយដើម ។
ប្រតិបត្តិការបង្ក្រាប់ខាងលើនេះ ប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាល់វែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រីធាង ឡេង អធិការស្រុកវាល់វែងបានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១ ឈ្មោះ ម៉ោល ម៉េង ភេទប្រុស អាយុ៤៧ឆ្នាំ (ម្ចាស់អាវុធ) ទី២ឈ្មោះ ប៊ន បូរ ភេទប្រុស អាយុ៤៨ឆ្នាំ(នាក់ប្រើប្រាស់) និងទី៣ ឈ្មោះជុំ សុជាតិ ភេទប្រុស អាយុ៤៤ឆ្នាំ(ពាក់ព័ន្ធ) នាក់បីរស់ភូមិឃុំខាងលើ ក្នុងនោះកំលាំងដកហូតបានអាវុធប្រភេទAKស្វ័យបត់មួយដើមរួមទាំងបង់ខ្លីមួយ គ្រាប់ចំនួន២គ្រាប់ ។
លោកអធិការបន្តថា ការបង្ក្រាប់ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ខណៈពួកគេផឹកស៊ី ហើយមានទំនាស់ផ្ទៃក្នុងរវាងបក្ខពួកឈានដល់ការបាញ់សម្លាប់គ្នា ប៉ុន្តែសំណាងល្អបាញ់មិនផ្ទុះ កុំអីពិតជាមានមនុស្សស្លាប់ ។ លោកពុំបានបញ្ជាក់ថា តើឈ្មោះ ណា ជាអ្នកបាញ់ ហើយឈ្មោះណាដែរ ជាអ្នកត្រូវគេបាញ់នោះឡើយ ។
លោកអធិការបន្តទៀតថា ជនសង្ស័យទាំង៣នាក់កំពុងសាកសួរ ហើយបំពេញសំណុំបែបបទដើម្បីបញ្ជូនមកស្នងការដ្ឋាននរគបាលខេត្តចាត់ការតាមនិតិវិធី ។ ចំណែកវត្ថុតាងជាអាវុធនោះត្រូវរក្សាទុកនៅអធិការដ្ឋាននរគបាលស្រុកវាល់វែង ៕
ដោយ៖ ប៉ឹម ពិន