ខេត្ដពោធិ៍សាត់៖ បុរសម្នាក់បានដាច់ ចិត្ដលើកដៃចាក់សម្លាប់កូនប្រុសជា ទីស្រលាញ់ ខណៈមានទំនាស់ពាក្យសម្ដី គ្នាបន្ដិចបន្ដួចដោយសារតែការផឹកស៊ី ស្រវឹងរៀងខ្លួន ។
ករណីឪពុកចាក់សម្លាប់ កូនខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង១៣និង១៥នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចស្រះ ចិញ្ចឹមត្រី ស្ថិតក្នុងភូមិថ្គោលធំ ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី ឯម រុណ អធិការ នគរបាលស្រុកក្រគរបានឱ្យដឹងថា ជន រងគ្រោះឈ្មោះ ថិ ភី ភេទប្រុស អាយុ ២៧ឆ្នាំ មានប្រពន្ធនិងកូន២នាក់ ក្នុង បន្ទុកគ្រួសារ (ជនជាតិវៀតណាម) ស្នាក់ នៅភូមិឃុំកើតហេតុខាងលើ ។ លោក អធិការបន្ដថា ឪពុកឈ្មោះប្រាក់ ជា អាយុ៥៧ឆ្នាំ(ជនជាតិវៀតណាម)ស្នាក់ នៅជាមួយគ្នា ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវឃើញថា ឪពុកនិងកូនជាជនជាតិវៀតណាម បានផ្ទុះហិង្សាដោយចេតនាក្នុងគ្រួសារ រហូតឈានដល់ចាក់សម្លាប់កូនខាងលើ នេះផ្ដើមចេញពីការផឹកស៊ី តែពុំដឹងថា ទំនាស់នេះផ្ដើមចេញដំបូងពីអ្វីនោះទេ ទើបឪពុកបង្កើតដាច់ចិត្ដចាក់សម្លាប់ កូនបែបនេះ ។
តាមប្រភពនានានិយាយថាទំនាស់ ពាក្យសម្ដីគ្នានេះប្រហែលមកពីកូនមើលងាយឪពុក ខណៈអង្គុយផឹកស៊ីវង់តែមួយ ហើយមានគ្នាតែពីរនាក់ប៉ុណ្ណោះ ។ លោក អធិការបញ្ជាក់ថា ជនដៃដល់បានរត់ គេចខ្លួនក្រោយកើតហេតុហើយសមត្ថ កិច្ចកំពុងតែតាមចាប់ដើម្បីយកផ្ដន្ទា ទោសតាមច្បាប់ ៕
ដោយ៖ ប៉ឹម ពិន