ខេត្តកណ្តាល៖ រថយន្តកាមរីបាឡែន ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-4770 បានឆេះខ្លោចនៅសល់តែគ្រោងដែក ខណៈដែលម្ចាស់រថយន្តកំពុងបើកបរដឹកគ្រួសារវិលត្រឡប់ពីស្រុកកំណើតពេលភ្ជុំបិណ្ឌ សំដៅមកផ្ទះនៅភ្នំពេញ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ ត្រង់ចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យរថយន្តឆេះនៅសល់តែគ្រោងដែក កើតឡើងដោយសារអ្វីនោះទេ ខណៈដែលគេដឹងថា ម្ចាស់រថយន្តបានដឹកប្រពន្ធ និងកូនៗ២នាក់ជិះក្នុងរថយន្តវិលត្រឡប់ពីខេត្តស្វាយរៀង មកផ្ទះនៅរាជធានីភ្នំពេញ ហើយមកដល់ចំណុចខាងលើស្រាប់តែមានអណ្តាលភ្លើងឆេះទ្រុលតែម្តង ហើយសូម្បីតែប្រជាពលរដ្ឋនៅក្បែរនោះយកទឹក និងបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់យ៉ាងណាក៏ដោយ ក៏អគ្គិភ័យនេះមិនស្ងប់ឡើយ ផ្ទុយទៅវិញ បែរជាឆេះយ៉ាងសន្ធោរសន្ធៅសល់តែគ្រោងដែក ប៉ុន្តែមិនរងគ្រោះថ្នាក់ដល់អាយុជីវិតគ្រួសារជនរងគ្រោះនោះទេ ។
ទោះយ៉ាងណាគេសង្ស័យថា ករណីនេះបណ្តាលមកពីទុស្សេរចរន្តភ្លើងក្នុងម៉ាស៊ីនកាប៊ីនខាងមុខ ទើបឆេះបែបនេះ៕
ដោយ៖ អារុណរះ