ភ្នំពេញ៖ លោក ឃុត សំខាន់ ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ បានបង្ហើបប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តថា លោកស្រី ឃុត សុភាព អនុប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ អាចប្រឈមនឹងការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល បន្ទាប់ពីលោកបានស្នើទៅថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ឲ្យបញ្ចប់មុខងារ និងតួនាទីរបស់លោកស្រី ក្រោយរកឃើញនូវចំណុចខ្វះខាតជាច្រើនដែលលោកស្រីអនុវត្តខុសលក្ខន្តិកៈមន្រី្តរាជការ ហើយណែនាំមិនស្តាប់ ។
លោក ឃុត សំខាន់ បង្ហើបថា ចំណុចខ្វះខាតទាំងនោះ មានដូចជា ទី១ លោកស្រីមិនមានទំនួលខុសត្រូវក្នុងការងារ ទី២ លោកស្រីខ្វះក្រមសីលធម៌ក្នុងការងារ និងទី៣ គឺមិនមានភាពស្មោះត្រង់ចំពោះស្ថានប័នតែម្ដង ដូច្នេះហើយដោយសារអស់លទ្ធភាពក្នុងការអប់រំ ទើបលោកចុះហត្ថលេខានៅថ្ងៃសៅរ៍ ដោយមិនទាន់ចុះលេខា ថ្ងៃ ខែ ឆ្នាំ ប៉ុណ្ណោះ(ខុសថ្ងៃរដ្ឋបាល)ប៉ុណ្ណោះ។
ក្នុងករណីនេះលោក ឃុត សំខាន់បានជម្រាបទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាលោកស្រី ឃុត សុភាព បានប្រព្រឹត្តកំហុសឆ្គងដោយចេតនាពីរទៅបីដង ហើយមិនកែប្រែខ្លួនឡើយ បើទោះបីជាគណៈនាយកមន្ទីរព័ត៌មាន បានអញ្ជើញគាត់មកប្រជុំណែនាំ និងដាក់ពិន័យយ៉ាងណាក៏ដោយ ក៏គាត់នៅតែប្រព្រឹត្តកំហុសឆ្គងដដែល។
ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារទឹកភ្លៀងលិចផ្លូវ លោកស្រី ឃុត សុភាព បានបង្ហោះហ្វេសប៊ុកដោយសរសេរថា «ពិតជាមានមោទនភាពណាស់ ដែលកើតជាខ្មែរ ទៅក្រៅប្រទេសម្តងៗ ស្ទើតែមិនហ៊ានថាមកពីណា ហើយជនជាតិអី។ នេះគ្រាន់តែភ្លៀងត្រឹម២ម៉ោងទេ។ សូមជាតិណាៗ កុំឱ្យកើតជាខ្មែរ ព្រោះមិនចង់មានមោទនភាពទេ» ។សម្តី នេះមិនត្រឹមតែប្រមាថមាក់ងាយពូជសាសន៍ខ្មែរប៉ុណ្ណោះទេ គឺថែមទាំងបានប្រើសម្ដីអសុរសជេរស្ដីអ្នកចូលបញ្ចេញមតិ(comment) កែលម្អជាច្រើនថែមទៀតផង។ ក៏នៅមានរឿងរ៉ាវជាច្រើនទៀតដែលលោក ឃុត សំខាន់ និយាយថា លោកមិនបរិយាយអស់ក្នុងទង្វើប្រាសចាក ក្រមសិលធម៌មន្រី្តរាជការរបស់លោកស្រី ឃុត សុភាព ។
យ៉ាងណាលោកថាជាជំហានដំបូងនេះ លោកគ្រាន់តែស្នើឱ្យដកតំណែងតែប៉ុណ្ណោះ ប៉ុន្តែក្នុងករណី ដែលលោកស្រីនៅតែបន្តធ្វើសកម្មភាពខុសឆ្គងទៀតដដែលជាដដែលទើបលោកសម្រេចចិត្តស្នើបណ្តេញចេញពីក្របខណ្ឌរដ្ឋតែម្តង។
កាសែតនគរវត្ត មិនអាចទំនាក់ទំនងសុំការពន្យល់ពីលោកស្រី ឃុត សុខភាព ក្នុងករណីនេះបានទេ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញនេះ ៕
ដោយ៖ ប្រាថ្នា