ខេត្តព្រះសីហនុ ៖ អាជីវករលក់ដូរសម្លៀកបំពាក់ និងលក់គ្រឿងក្រអូបនៅផ្សារលើ ក្នុងសង្កាត់លេខ០៤ក្រុង ខេត្តព្រះសីហនុជាច្រើនតូបសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថាសព្វថ្ងៃមុខរបរលក់ដូរសម្លៀកបំពាក់និងលក់គ្រឿងក្រអូបរបស់ពួកគាត់មិនសូវកាក់កបប៉ុន្មានទេ ហើយការចំណាយដើមទុនក្នុងការដាក់ទំនិញតាំងលក់អស់រាប់ម៉ឺនដុល្លារ មានថ្ងៃខ្លះលក់មិនដាច់សោះក៍មាន ការមកលក់ ដូចគ្រាន់តែមកចាំតូបឲ្យបាត់ពីផ្ទះតែប៉ុណ្ណោះ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាសព្វថ្ងៃនៅក្នុងទីប្រជុំជនផ្សារលើមុខរបរដែលពួកគាត់មើលទៅកាក់កបលក់ដូរដាច់មានអតិថិជនចូលទិញយ៉ាងពពាក់ពពូនហើយមិនចាំបាច់ក្នុងការចំណាយដើមទុនធំដុំដោយគ្រាន់តែចំណាយលុយទិញសៀវ ភៅមួយក្បាលនិងប៉ិចមួយឬពីរដើម យកមកលក់កត់លេខឲ្យអតិថិជនដែលចូលចិត្តភ្នាល់ចាក់កន្ទុយលេខជាការស្រេច គឺអាជីវកម្មលក់ឆ្នោតកន្ទយលេខ ។ពួកគាត់បានខ្សឹបឲ្យដឹងបន្តទៀតថាសព្វថ្ងៃនេះនៅក្នុងទីប្រជុំជនផ្សារលើនិងផ្សារចិនស្ថិតក្នុងសង្កាត់០៤មានកន្លែងលក់ល្បែងភ្នាល់ដូចបានរៀបរាប់ខាងលើនេះប្រមាណជាង៣០កន្លែង ក្នុងសង្កាត់លេខ៤ និងលក់នៅខាងមុខផ្សារឧត្តុនិយមក្នុងសង្កាត់លេខ០៣ ផ្សារឃ្លាំងលើខាងមុខបណ្តាររោងចក្រក្នុងសង្កាត់លេខ១ក្រុង ខេត្ត ព្រះសីហនុផងដែរ។
ករណីនេះពួកគាត់ចង់សួរថាការបើករបរលក់ដូរល្បែងភ្នាល់ដូចបានរៀបរាប់ខាងលើនេះជាមុខរបរត្រូវ ឬខុសច្បាប់ ? ប៉ុន្តែបើពួកគាត់ធ្លាប់បានចូលរួមប្រជុំនៅក្នុងវេទិការសាធារណនៅតាមបណ្តារឃុំ សង្កាត់នាពេលកន្លងមកតែងតែលើកយកប្រធាន បទនៃការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល។ជាពិសេសការពង្រឹង ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពដើមចមនៃអំពើហិង្សាក្នុងគ្រួសារ អំពើរចោរកម្ម ចោរលួច ឆក់ប្លន់។ល។ ប្រភពខាងលើបានបន្ថែមទៀតថាផ្ទុយទៅវិញកិច្ចការពង្រឹងនៅក្នុងកិច្ចប្រជុំនៃវេទិការសាធារណ:នៅតាមមូលដ្ឋាន ឃុំ សង្កាត់នៅក្នុងក្រុងព្រះសីហនុ នាពេលកន្លងមកនោះហាក់បីដូចជាមិនមានប្រសិទ្ធភាពឡើយ អត្ថន័យនិងខ្លឹមសារនៃកិច្ច ការពង្រឹងរបស់ថ្នាក់ដឹកនាំគណ:បញ្ជាការឯកភាពក្រុង ខេត្ត ដែលផ្តោតសំខាន់ទៅលើអាជ្ញាធរ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋ បាល អធិការនគរបាល នៅតាមក្រុង ស្រុក សាបដូចទឹកទន្លេដោយហេតុថាសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ស្តីពីបង្ការ ទុបស្កាត់និងបង្ក្រាបល្បែងស៊ីសងមិនអនុវត្តតាមខ្លឹមសារកិច្ចប្រជុំនៃវេទិការសាធារណ:ឡើយ ហើយបច្ចុប្បន្នល្បែងភ្នាល់កន្ទុយលេខក្នុងក្រុង ស្រុកនៃខេត្តព្រះសីហនុកំពុងរីកដូចផ្ការនៃនិទាឃរដូវ។
ប្រភពខាងលើបានដាក់ការសង្ស័យថាមូលហេតុដែលសមត្ថកិច្ចមិន បង្ក្រាបអ្នកលក់ល្បែងភ្នាល់កន្ទុយលេខនៅក្នុងផ្សារលើនិង ទីប្រជុំជននានាក្នុងក្រុង ខេត្តព្រះសីហនុសង្ស័យថាសមត្ថកិច្ចជុំនាញពាក់ព័ន្ធកំពុងតែទទួលបានសំណែនយ៉ាងកាក់កបពីអ្នក បើកលក់លេងល្បែងភ្នាល់ខុសច្បាប់ខាងលើក្នុងមួយខែៗបានពេញចិត្តតែម្តងទើបសកម្មភាពល្បែងភ្នាល់ខាងលើដំណើរការបានរលូនយ៉ាងដូចនេះ?
លោកវរ:សេនីយ៍ទោ ភុល ភស្តារអធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងនាពេលកន្លងមកថាបន្ទាប់ពីលោកទទួលបានព័ត៌ មានខាងលើ លោកក៍បានឲ្យមន្ត្រីនគរបាលដែលឈរជើងនៅគោលដៅផ្សារលើចុះត្រួតពិនិត្យ ប៉ុន្តែជាលទ្ធផលឆ្លើយតបឲ្យដឹង ថា មានតែដាក់លក់ឆ្នោតដែលមានអជ្ញាប័ន (ឆ្នោតកីឡាជាតិ)តែប៉ុណ្ណោះ មិនមានការដាក់លក់ល្បែងភ្នាល់កន្ទុយលេខទេ។អាជីវករលក់ដូរខាងលើបានរិះគន់ថាការរាយការណ៍តាមទូរស័ព្ទរបស់មន្ត្រីក្រោមឪវាទបែបភូតកុហក់ គាត់បានបញ្ជាក់ឲ្យដឹងទៀតថាឆ្នោតកីឡាជាតិអ្នកលក់មានដាក់តាំងលទ្ធផលចេញឆ្នោតកន្លះម៉ោងប្រកាសលទ្ធផលម្តងតាមរយ:ម៉ាស៊ីនដែលបានតភ្ជាប់និងទូរទស្សន៍ឬនៅលើក្តារខៀននៅកន្លែងលក់ឆ្នោតតែម្តង។តែការរាយកាណ៍ខាងលើវាមិនស៊ីសង្វាក់ទៅនិងអ្នកលក់ឆ្នោតកីឡាជាតិឡើយ ហើយអ្នកលក់ឆ្នោតកីឡាជាតិនៅក្នុងក្រុង ខេត្តព្រះសីហនុក៍មានចំនួនតិចតួចនៅឡើយដែរ ។គាត់បានបន្តទៀតថាការឆ្លើយដោះសារខាងលើក៍ដោយសារតែមន្ត្រីដែលឈរជើងនៅគោលដៅនោះបានសើមមាត់សើមករពីតូបអ្នកលក់ល្បែងភ្នាល់ទាំងនោះហើយទើបមើលមិនឃើញដូចនេះ។
អាជីវករលក់ដូរខាងលើបានសំណូមពរដល់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុមេត្តាជួយអន្តរាគមន៍ពង្រឹង បទល្មើសដូចបានរៀបរាប់ខាងលើបន្ថែមទៀតដើម្បីឈានដល់ការបំបាត់អំពើហិង្សាក្នុងគ្រួសារករណី ចោរលួចចោឆក់ប្លន់ឲ្យកាន់តែបានល្អរប្រសើរបន្ថែមទៀតទៅពេលបច្ចុប្បន្ននិងទៅថ្ងៃ អនាគតផង ៕ ឆ្លាម សមុទ្រ