ការត្រៀមលក្ខណះរបស់អាមេរិក គ្រាន់តែជាការគំរាមកំហែងកូរ៉េខាងជើងប៉ុណ្ណោះ

ចែករំលែក៖

អាមេរិកបានគំរាមកំហែង​ កូរ៉េខាងជើង​ជាច្រើនលើកមកហើយ​មិនមែនទើបតែពេលនេះឡើយ​ ការគំរាមកំហែងរបស់អាមេរិក​មិនបានធ្វើឲ្យកូរ៉េខាងជើង ខ្លាចនោះឡើយ ផ្ទុយទៅវិញ​កូរ៉េខាងជើង​កាន់តែ​ មានសកម្មភាព​ឌឺដងដាក់អាមេរិកទៅទៀត ដូចជាការសាកល្បងមីស៊ីលនិងបរមាណូនាពេលកន្លងមកថ្មីៗ។
តើអាមេរិកហ៊ានប្រើប្រាស់កម្លាំងយោធាវាយប្រហារកូរ៉េខាងជើងដែរឬទេ? ការបញ្ជូនយន្តហោះទម្លាក់គ្រាប់​ទៅក្បែរឆ្នេរសមុទ្រកូរ៉េខាងជើង​ ជា​សារ​សញ្ញា​ប្រាប់​របប​ដឺកនាំក្រុងព្យុងយ៉ាង​​ថា ​ប្រធានាធិបតី​អាមេរិក​មាន​ជម្រើសយោធា​ច្រើន​ ។ក្រោយ​មាន​ការ​ហោះហើរ​យន្តហោះ​អាមេរិក​នៅក្បែរឆ្នេរ​កូរ៉េខាងជើង ​ប្រមុខការបរទេស​កូរ៉េខាងជើង​​បាន​បរិហារ​លោកដូណាល់ ត្រាំ ថា​​គំរាម​សុខសន្តិភាព និង​ចោទ​​លោក​ត្រាំ ថា​ជា​ស្តេច​ភូតកុហក។
សង្គ្រាម​ពាក្យសំដី​រវាង​កូរ៉េខាងជើង​និង​អាមេរិក​​ធ្វើអោយ​គេកាន់តែបារម្ភ​ថា ក្រុង​ព្យុងយ៉ាង​​អាច​​​សាកល្បង​នុយក្លេអ៊ែរ​ជាថ្មី​ទៀត ពិសេស​ម្សិលមិញនេះ ពេល​កូរ៉េខាងជើង​រង​​ការរញ្ជួយដី​កម្រិត​៣,៥រ៉ិចទ័រ ក្នុង​តំបន់​ដែល​ក្រុងព្យុងយ៉ាង​បាន​សាកល្បង​នុយក្លេអ៊ែរ​ ​កាលពីថ្ងៃ​៣កញ្ញា​​។
រឿងអាមេរិក​និង​កូរ៉េខាងជើង​​ផ្គើន​សំដី​គ្នា ​មិនងាយ​បញ្ចប់​ទេ។ ​ពេលនេះ រឹតតែ​ហួសថ្លែង​ទៅទៀត ដែលអាមេរិក​បញ្ជូន​យន្តហោះ​យោធាទៅក្បែរ​ឆ្នេរ​កូរ៉េខាងជើង។ ដូច​ដែល​​ប្រមុខការបរទេស​រុស្ស៊ី​បាន​លើកឡើង​ លោកដូណាល់ ត្រាំ និង​លោក​គឺម ជុងអ៊ុន មិនខុសពី​ក្មេង​មតេយ្យ​សាលា​​​ទេ ​គឺ​​សុទ្ធតែជើង​​ខ្លាំងរៀងខ្លួន មិនចុះចាញ់​គ្នាទេ។ យន្តហោះដែល​អាមេរិក​បញ្ជូន​អោយ​ទៅ​​ក្បែរឆ្នេរ​កូរ៉េខាងជើង​ថ្ងៃសៅរ៍​ម្សិលមិញ​នេះ មាន​​​​យន្តហោះ​ទំលាក់​គ្រាប់បែក ប្រភេទ​B-1B ១គ្រឿង​ និង​យន្តហោះ​ប្រដេញ​ F-15 ១គ្រឿង។ យន្តហោះទាំង២ហោះនៅ​ភាគខាងជើង​​តំបន់ដែល​លែងមាន​សកម្មភាព​យោធា ហោះក្បែរ​​​កូរ៉េខាងជើង​បំផុត​ហើយ គិតក្នុង​សតវត្ស​ទី​២១យើងនេះ។ អាមេរិក​អះអាង​ថា ការហោះហើរ​នេះគឺដើម្បី​ផ្ញើសារ​ច្បាស់លាស់​មួយ​ទៅកូរ៉េខាងជើង ថា​ប្រធានាធិបតី​អាមេរិក​មានជម្រើសយោធា​ច្រើន ក្នុង​ការ​​​ប្រឈមនឹង​ការគំរាមកំហែង។ អាមេរិក​បន្ថែមថា ត្រៀមខ្លួន​បញ្ចេញ​សមត្ថភាព​យោធា​ ដើម្បី​ការពារ​ទឹកដី​សហរដ្ឋ​អាមេរិក និង​ប្រទេសជា​មិត្ត​នឹង​អាមេរិក។
សូមបញ្ជាក់ថា ដើម​សប្តាហ៍​នេះ ​លោកដូណាល់ ត្រាំ បានគំរាម​កំទេច​ប្រទេស​កូរ៉េខាងជើងទាំងស្រុង​​ ប្រសិន​បើ​កូរ៉េខាងជើង​ហ៊ាន​វាយប្រហារ​អាមេរិក និង​សម្ព័ន្ធមិត្ត។ ​ការហោះហើរ​យន្តហោះ​យោធា​ម្សិលមិញនេះ ជា​ការគូស​បញ្ជាក់​ពាក្យពេចន៍គំរាម​​របស់​លោកដូណាល់ ត្រាំ ​នេះឯង។ ក្រោយ​មាន​ការហោះហើរ​យន្តហោះ​​អាមេរិក លោក​រី យ៉ុងហូ ជា​ប្រមុខ​ការទូត​កូរ៉េខាងជើង​ បាន​ថ្លែងនៅ​អង្គការ​សហប្រជាជាតិ ចាត់ទុក​លោក​ត្រាំ ថា​ជា​ស្តេច​ភូតកុហក​បោកប្រាស ហើយ​ថា លោកត្រាំ គំរាម​សន្តិភាព និង​រឹតតែ​ធ្វើអោយ​កូរ៉េខាងជើង​មិនអាច​ចៀស​ប្រើកាំជ្រួច​ទៅលើ​ដែនដី​អាមេរិ​ក​បានទៅទៀត៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print